អាជ្ញាធរខេត្តព្រះវិហារ បានឧបត្ថម្ភឈាម ៨៣សាក់ ជូនដល់មន្ទីរពេទ្យបង្អែក ១៦មករា ដើម្បីយកទៅបម្រើឲ្យវិស័យមនុស្សធម៌

0

ខេត្តព្រះវិហារ៖ ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ស្រុក ព្រះសង្ឃ គ្រហស្ត កងកម្លាំងទាំង៣ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋ សរុបប្រមាណ ១០៣ អង្គ/នាក់ បាននិមន្ត និងចូលរួមបរិច្ចាគឈាម ដើម្បីនាំយកទៅឧបត្ថម្ភជូន មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ សម្រាប់ជួយទ្រទ្រង់ និងបម្រើឲ្យវិស័យមនុស្សធម៌ នៅក្នុងសង្គមជាតិ។

ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់» ដែលបានរៀបចំឡើងដោយរដ្ឋបាលស្រុកឆែប នាថ្ងៃទី៥ឧសភា២០២៣នេះ បានធ្វើឡើងក្រោមអធិបតីភាព អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅក្នុងបរិវេណសាលាស្រុកឆែប ខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ដោយបានបង្ហាញពីក្តីរីករាយ នឹងសម្តែងនូវការអរគុណ ចំពោះមន្ត្រីរាជការ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនៅក្នុងពេលនេះ ដែលនេះ គឺជាផ្នែកមួយបង្ហាញឲ្យឃើញ ពីការចូលរួមលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់»។

លោក គីម រិទ្ធី បានថ្លែងទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត គឺជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យ ខេត្តព្រះវិហាររបស់យើង ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាមជាចាំបាច់។

លោកអភិបាលខេត្ត បានបន្តទៀតថា ការផ្តល់ឈាមរបស់បងប្អូន គឺពិតជាបានផ្តល់អត្ថប្រយោជន៍មកបងប្អូនវិញ តាមរយៈនៃការជួយកាត់បន្ថយហានីភ័យ នូវជំងឺបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត ហើយក៏ទទួលបាន នូវការកោតសរសើរ មានឈ្មោះជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជាពិសេស អ្នកដែលបានផ្ដល់ឈាម នឹងមានភាពងាយស្រួលនៅពេលខ្លួន ឬក្រុមគ្រួសារខ្លួន ត្រូវការឈាមបន្ទាន់ណាមួយ ផងដែរ ។ លោកបានបញ្ជាក់ថា ឈាមដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្ត ពីសំណាក់បងប្អូននៅពេលនេះ មានចំនួន ៨៣សាក់ ក្នុងចំណោមអ្នកចូលរួម ១០៣អង្គ/នាក់ ។

គ្រូពេទ្យជំនាញបានបញ្ជាក់ថា អ្នកបរិច្ចាគឈាម គឺទទួលបានការពិនិត្យសុខភាព និងវិភាគឈាមដោយឥតគិតថ្លៃ ហើយលក្ខខណ្ឌនៃការផ្តល់ឈាម គឺត្រូវមានអាយុ ចាប់ពី ១៨ឆ្នាំ ដល់ ៥៥ឆ្នាំ មានទម្ងន់តិចបំផុត ៤៥គីឡូក្រាម។ ចំពោះស្ត្រីអាចផ្តល់ឈាមបាន ក្នុងរយៈពេល ៤ខែម្តង រីឯបុរសអាចផ្តល់ឈាមបាន ក្នុងរយៈពេល ៣ខែម្តង៕ដោយ៖ឡុង សំបូរ