សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់អាវភ្លៀងជូនដល់កងកម្លាំងប្រដាប់អាវុធ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ

0

ខេត្តព្រះវិហារ៖ លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នាំយកអាវភ្លៀង គ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មកចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសទី១ ប្រាសាទព្រះវិហារ ។

ពិធីនេះ ក៏មានការចូលរួមពី អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការ មេបញ្ជាការរង តំណាងអង្គភាព ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី៨ឧសភា២០២៣នេះ។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានរាយការណ៍ អំពីសភាពការណ៍ទូទៅ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា- ថៃ និងកម្ពុជា-ឡាវ ដែល​គណៈបញ្ជាការ​ឯកភាពទិសទី១ទទួលខុសត្រូវ រហូតមកដល់ពេលនេះ ហាក់មានសភាព​ស្ងប់ស្ងាត់ជា​ធម្មតា បើទោះបី​កន្លងមកធ្លាប់មានសកម្មភាពមិនប្រក្រតីខ្លះៗ បានកើតឡើងយ៉ាងណាក្តី តែភាគីទាំងសងខាង​ បានព្យាយាមរួមគ្នាដោះស្រាយដោយសន្តិវិធី ​និង​បញ្ជៀស​បានរាល់សកម្មភាពទាំងឡាយណា ដែលនាំ​អោយឈានទៅរកការប្រឈមមុខគ្នាដោយអាវុធ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តទៀតថា បណ្តាអង្គភាពជួរមុខទាំងអស់ បាននឹងកំពុង់អនុវត្តបានយ៉ាងមានប្រសិទ្ធភាព នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ ដែល​ទាក់ទងនឹងបញ្ហាព្រំដែន ដោយអនុវត្តចក្ខុវិស័យប្រែក្លាយអតីតតំបន់ប្រយុទ្ធ ​មកជាតំបន់​អភិវឌ្ឍន៍​ និងកសាងខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាខ្សែព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោក ហ៊ុន ម៉ានី បានថ្លែង ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹក​រឭក​ពី​សម្តេចទាំងទ្វេ និងថ្លែងអំណរគុណ ​ព្រមទាំងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ​នៅតាមខ្សែបន្ទាត់ព្រំដែន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយ​បង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបាន​បន្តចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍​គ្រោះមហន្តរាយនានា ថែមទៀតផង។

លោក ហ៊ុន ម៉ានី បានថ្លែងទៀតថា បើទោះបីកម្ពុជាកំពុងតែមានភាពសំបូរសប្បាយជាមួយការរៀបចំព្រឹត្តិការណ៍​ស៊ីហ្គេមក្ដី ប៉ុន្តែ សម្ដេចទាំងទ្វេមិនដែលភ្លេចកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែននោះទេ ដែលនេះជាការ​ឆ្លុះបញ្ចាំង​ពីស្មារតីយកចិត្តទុកដាក់ខ្ពស់​ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែល​កំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងកិច្ចការពារអធិបតេយ្យភាព ​បូរណភាពទឹកដី មាតុភូមិកម្ពុជានៃយើង។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានអញ្ជើញប្រគល់អាវភ្លៀង សម្ភារៈ និងថវិកា ជូនអង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងក្នុងទិសទាំង៣ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ផងដែរ៕ លីណា /សំបូរ