ខេត្តព្រះវិហារ៖ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នៅថ្ងៃទី៩ឧសភា ម្សិលមិញ បានដឹកនាំ មេបញ្ជាការ មេបញ្ជាការរង និងបណ្ដាអង្គភាពជំនាញចំណុះ កងពលធំអន្តរាគមន៍លេខ៣ ចុះសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងក្រុមការងារបោសសម្អាតមីន និងកងពលតូចអន្តរាគមន៍ ចំណុះទាំង៣ (កងពលលេខ៧,លេខ៨,លេខ៩) នៅតំបន់ស្រុកត្រពាំងបា្រសាទ ខេត្តឧត្តមានជ័យ នៃភូមិសាស្ត្រខេត្តព្រះវិហារ។
ក្នុងរបាយការណ៍បានបង្ហាញថា នៅក្នុងសកម្មភាពចុះប្រតិបត្តិការរបស់ កងកម្លាំងក្រុមការងារបោសសម្អាតមីន នៃកងពលធំអន្តរាគមន៍លេខ៣ នោះមាន ៥ វរសេនាតូច គឺ វរសេនាតូចលេខ៣១,លេខ៣២,លេខ៣៣,លេខ៣៤ និងវរសេនាតូចលេខ៥ ប្រតិបត្តិការលើផ្ទៃដីចម្ការមីន សរុបចំនួន ( ៣លាន ៣សែន ៦ម៉ឺន ៤ពាន់ ៥០១ម៉ែត្រការ៉េ) និងប្រើប្រាស់កម្លាំង ១៣០នាក់, រថយន្ត ៥គ្រឿង,ម៉ាស៊ីនរាវមីនបុគ្គល ៦០គ្រឿង, ម៉ាស៊ីនGPS ៥គ្រឿង និងវិទ្យុទាក់ទង ៤៥គ្រឿង ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបោសសម្អាតមីន នៃកងពលធំអន្តរាគមន៍លេខ៣។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែង កោតសរសើរចំពោះ ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ដែលជាក្រុមការងារបោសសម្អាតមីនទាំងអស់ ដែលបានគោរព អនុវត្តតាមគោលការ និងផែនការដែលថ្នាក់លើប្រគល់ជូន និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអង្គភាព ដើម្បីកងយោធពលខេមរភូមិន្ទ ឲ្យមានភាពរីកចម្រើន និងរក្សាបាននូវសាមគ្គីភាពគ្នាល្អ និងផ្តល់សុខសន្តិភាព សុវត្ថិភាព ជូនប្រជាជនរួមជាតិ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ជូនកងកម្លាំងក្រុមការងារបោសសម្អាតមីន រួមមាន៖ មី ២៥កេស, ទឹកបរិសុទ្ធ ១០០យួរ ,ត្រីខកំប៉ុង ៥កេសធំ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកត្រី ១៥យួរ និងមេបញ្ជា្កការកងពលតូចអន្តរាគមន៍លេខ៨ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានឧបត្ថម្ភ ផ្ទាំងអំពូលសូឡា ៣ផ្ទាំង, ម៉ូទ័របូមទឹក ១ និងបុកអណ្តូងស្នប់១ ជូនប្រជាពលរដ្ឋម្ចាស់ចម្ការ ចំណាយថវិកាអស់ ៣៥០ដុល្លារ ផងដែរ៕ ដោយ៖ឡុង សំបូរ