បណ្ឌិត ហ៊ុន ម៉ាណែត ៖ក្រោមម្លប់នៃសន្តិភាព ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

0

ខេត្តកំពង់ធំ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី, ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាព នៃការបំផ្លិចបំផ្លាញ ដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួន ឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។

ការលើកឡើងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង ក្នុងឱកាសដែល លោកបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះការទទួលបាន នូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីវត្តអារាមដ៏ចំណាស់ដែលមានអាយុកាលប្រមាណជាង២ សតវត្សរ៍មកហើយនេះ បានកើតឡើងក្រោមវប្បធម៌ នៃការចែករំលែក ពីសំណាក់ពុទ្ធបរិស័ទ្ទជិតឆ្ងាយ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព ដែលបង្កលក្ខណៈដល់ការរួបរួមក្នុងធ្លុងសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី និងសាសនា ដែលបុព្វបុរសយើងបន្សល់ទុកឱ្យ។

លោកបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាឱ្យបាននូវ សុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់ អាចត្រលប់មកវិញសារជាថ្មីឱ្យសោះ នៅលើទឹកដីដ៏ពិសិដ្ឋរបស់យើងនេះ។ លោកបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរយកចិត្តទុកដាក់ ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនាផងដែរ ដូចដែលស្តែងឡើងតាមរយៈការអបអរសាទរការ សម្ពោធឆ្លងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ នាពេលនេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត  បានបញ្ជាក់ទៀតថា តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ក្នុងឆ្នាំ២០២៣នេះ គឺ សម្តេចតេជោ នាយករដ្ឋមន្ត្រី កំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ដោយសម្រេចបាននូវការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ ជាពិសេស គឺការផ្សព្វផ្សាយអំពីការប្រែមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ ដោយឈានចេញពីប្រទេស ដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច ប្តូរមកជាទឹកដីកោះសុខសន្តិភាព, ស្ថិរភាព និងសុខដុមរមនាត្រជាក់ត្រជុំ ព្រមជាមួយនឹងការបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទីទាំងក្នុងតំបន់ និងសាកលលោក៕