អភិបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់មន្ត្រីជំនាញស្ថាបនាផ្លូវ ត្រូវសាងសង់ឲ្យស្របទៅនឹងស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានគុណភាពល្អ ដើម្បីទុកជាប្រយោជន៍ជាតិ

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែង ក្រើនរំលឹកដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងអ្នកទទួលម៉ៅការសាងសង់ផ្លូវ ត្រូវសហការគ្នាធ្វើយ៉ាងណា ឱ្យការស្ថាបនាផ្លូវ១ខ្សែនេះ ត្រូវតាមលក្ខណៈស្តង់ដាបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ចៀងវាងការកេងបន្លំទំហំខ្នាតផ្លូវ  (ចាក់ក្រាស់ស៊ីស្តើង  ចាក់ស្តើងស៊ីក្រាស់) ជាហេតុធ្វើឱ្យខូចផលប្រយោជន៍ជាតិ ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកការដ្ឋានផ្លូវបេតុង ១ខ្សែ មានប្រវែងជាង ២ពាន់ម៉ែត្រ ដែលការសាងសង់នេះ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ រហូតមកទល់នឹងផ្លូវជាតិលេខ៧A (ផ្លូវអាស៊ាន) ដោយផ្លាស់ប្តូរពីផ្លូវក្រាលកៅស៊ូស្តើង  ទៅជាផ្លូវបេតុង និងពង្រីកតួផ្លូវឱ្យធំជាងមុន ដើម្បីធានាដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រោះត្បិតផ្លូវ១ខ្សែនេះ ស្ថិតនៅចំណុចកណ្តាល នៃក្រុងស្ទឹងត្រែង។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ឧសភាម្សិលមិញ នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្ត បានបន្តថា ការស្ថាបនាផ្លូវប្រកបដោយគុណភាពខ្ពស់ នឹងធ្វើឱ្យខេត្តមានលទ្ធភាពដាក់បញ្ចូលបន្ថែម ទៅក្នុងសូចនាករប្រកួតប្រជែងទីក្រុងស្អាត នៅពេលខាងមុខ ដែលជាការរួមចំណែក   កែលម្អសោភ័ណភាពទីក្រុង ឱ្យកាន់តែមានរបៀបរៀបរយ   សណ្តាប់ធ្នាប់ល្អ និងការធ្វើដំណើរប្រកបដោយមានសុវត្ថិភាព។

លោកអភិបាលខេត្តស្ទឹងត្រែង បានស្នើដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងដងផ្លូវលេខ២២ សូមបើកចិត្តឲ្យទូលាយក្នុងការចូលរួមធ្វើបដិភាគដីចំណីផ្លូវមុខផ្ទះ ក្រែងមានផលប៉ះពាល់បន្តិចបន្តួច ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីស្ថាបនាផ្លូវ ដើម្បីធ្វើឲ្យផ្លូវមានលក្ខណៈធំទូលាយ ប្រកបដោយគុណភាព ស្របតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ ជាប់ធន់បានយូរ និងដើម្បីបម្រើផលប្រយោជន៍រួមទាំងអស់គ្នា។

នៅក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង​ បានថ្លែង ចាត់ទុកផ្លូវ ១ខ្សែនេះ (ផ្លូវលេខ២២) ជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ធ្វើឲ្យមានរបៀបរៀបរយ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ដើម្បីជំរុញឲ្យក្រុងស្ទឹងត្រែង ឈានឆ្ពោះទៅរកការប្រឡងប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខនេះ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លោក ស គឹមណាត បានបញ្ជាក់ថា ផ្លូវលេខ២២ ដែលត្រូវស្ថាបនានៅពេលនេះ មានប្រវែង ២ពាន់ ៤៥៨ម៉ែត្រ ទំហំចាស់ទទឹង ៦ម៉ែត្រ ក្រាលកៅស៊ូស្តើង តែត្រូវបានពង្រីកផ្ទៃទទឹងបន្ថែមដល់ទៅ ១៥ម៉ែត្រ សាងសង់ជាផ្លូវបេតុង និងត្រូវសាងសង់ជំហ៊ានដំបូង មានប្រវែង ១ពាន់ ៧០០ម៉ែត្រ សង់ស្ពានបេតុង ១កន្លែងប្រវែង ១២ម៉ែត្រ ទទឹង ១៥ម៉ែត្រ ដាក់ប្រព័ន្ធលូសងខាងផ្លូវប្រវែង ១ពាន់ ៦៤៨ម៉ែត្រ ដាក់រេហ្គា ៦៦កន្លែង និងរៀបចំចិញ្ចើមសងខាងផ្លូវប្រវែង ៤ពាន់ ៩១៦ម៉ែត្រ បន្ថែមទៀត ក្រោមគម្រោងថវិការបស់រដ្ឋបាលខេត្តស្ទឹងត្រែង ហើយផ្លូវនេះនឹងត្រូវបញ្ចប់ក្នុងការសាងសង់ក្នុងរវាងជាង ៦០ថ្ងៃ តែប៉ុណ្ណោះ៕ ដោយ៖ឡុង សំបូរ