អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ជំរុញប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាសមិទ្ធផលថ្មី និងបង្កើនការសម្អាតបរិស្ថាន ដើម្បីធ្វើឲ្យទីក្រុងស្អាតមានផាសុខភាពល្អ

0

ខេត្តស្ទឹងត្រែង៖ ការជំរុញរបស់ អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត ធ្វើឡើងនៅថ្ងៃទី១៩ឧសភា២០២៣នេះ ក្នុងពិធីសម្ភោធសមិទ្ធផលផ្លូវបេតុងអាម៉េ ២ខ្សែ មានប្រវែង ១០២០ម៉ែត្រ ដោយចំណាយថវិកាអស់ ៤៤១លាន ៣៣ម៉ឺន ៨ពាន់រៀល នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានមានប្រសាសន៍ថា ការរៀបចំទីក្រុងស្អាត ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទាំងអស់គ្នា រួមជាមួយអាជ្ញាធរ ទើបធ្វើឱ្យទីក្រុងមានសោភ័ណភាព និងមានផាសុខភាពល្អ ព្រោះប្រជាពលរដ្ឋមានកាតព្វកិច្ច ក្នុងការជួយជំរុញការអភិវឌ្ឍន៍សង្គម ធ្វើឱ្យមានភាពរីកចម្រើនជឿនលឿន  ក្នុងពេលដែល រាជរដ្ឋាភិបាល បាននិងកំពុងខិតខំដោយឥតសំចៃ  ទាំងកម្លាំងកាយនិងកម្លាំងចិត្ត តាំងពីបាតដៃទទេ រហូតមកដល់សព្វថ្ងៃនេះ។

អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង មានប្រសាសន៍ទៀតថា  កាតព្វកិច្ចទាំងនេះ គឺបងប្អូនយើងត្រូវចូលរួម ជាមួយអាជ្ញាធររៀបចំទីក្រុងស្អាត   ត្រូវមានការយល់ដឹង ហើយបំពេញភារកិច្ចជាពលរដ្ឋល្អ និងខិតខំធ្វើអ្វីៗឱ្យមានភាពរីកចម្រើន ស្របតាមចក្ខុវិស័យដែលយើងទាំងអស់គ្នាចង់បាន។

លោក ឡូយ សុផាត បានបន្តថា ចក្ខុវិស័យនាថ្ងៃអនាគត ទីក្រុងស្ទឹងត្រែង  គឺអភិវឌ្ឍឱ្យទៅជាទីក្រុងមួយ  ដែលមានសោភ័ណភាព មានបរិយាកាសល្អ មានផ្លូវស្អាត ប្រជាជនចេះដឹង យល់   ហើយថែរក្សាបរិស្ថានល្អ របៀបរៀបរយសំណង់លំនៅឋានល្អ  នោះហើយសម្រាប់ប្រជាជនក្នុងក្រុង  គេហៅ ថាសង្គមចាប់ផ្ដើមអភិវឌ្ឍឡើង  សង្គមបែបស៊ីវីល័យ យើងលែងធ្វើអ្វីរបៀបគ្រាន់ឱ្យតែបានទៅសិន  យើងលែងហើយ   ព្រោះឥឡូវយើងឃើញផ្ទះបងប្អូន គឺធ្វើកាន់តែស្អាតជាងមុន ទីផ្សារក៏កាន់តែកែលម្អបានច្រើនជាងមុន   គឺការអភិវឌ្ឍវែងឆ្ងាយ ដោយគិតពីទីក្រុងស្អាត ។

អភិបាលក្រុងស្ទឹងត្រែង​ លោក សាយ កុសល បានថ្លែងថា នេះជាតម្រូវការជាក់ស្តែងដែលបងប្អូនយើងត្រូវការខានពុំបានឡើយ   និងនាំគ្នាចូលរួមចំណែកធ្វើយ៉ាងណា ឱ្យមានការអភិវឌ្ឍ  ព្រោះមូលដ្ឋានរស់នៅល្អ  រមណីយដ្ឋានល្អ  ទីក្រុងស្អាត គឺផ្តើមចេញពីយើងទាំងអស់គ្នា ។

លោកអភិបាលក្រុងបានបន្តថា អាជ្ញាធរខេត្តក្រុងបានប្រឹងប្រែងធ្វើការអភិវឌ្ឍគ្រប់បែបយ៉ាង ទាំងទឹកស្អាត ភ្លើងប្រើប្រាស់ បរិស្ថាន អនាម័យ និងផ្លូវថ្នល់នៅក្នុងក្រុងមកដល់ពេលនេះ  មានការប្រែប្រួលសម្រាប់អនាគតកូនចៅយើង។

ចៅសង្កាត់ស្ទឹងត្រែង លោក ជា វណ្ណ បានបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ អាជ្ញាធរក្រុងនិងសង្កាត់ស្ទឹងត្រែង សម្រេចបានផ្លូវចាក់បេតុងអាម៉េ ២ខ្សែ មានប្រវែង១០២០ម៉ែត្រ ទទឹង៥ម៉ែត្រ  ដាក់លូទោលកាត់ផ្លូវមុខកាត់១ម៉ែត្រ ប្រវែង១០ម៉ែត្រ១កន្លែង ដោយចំណាយថវិការមូលនិធិសង្កាត់សរុបអស់ ៤៤១លាន ៣៣ម៉ឺន ៨ពាន់រៀល ដើម្បីដាក់បញ្ចូលក្នុងសូចនាករ ទីក្រុងស្អាត សម្រាប់លើកស្ទួយសោភ័ណភាព និងឈានទៅដណ្តើមយកពានរង្វាន់ផ្ការំដួល ២ទង សម្រាប់ឆ្នាំ២០២៥-២០២៨ ខាងមុខនេះ៕ដោយ៖ឡុង សំបូរ