ខេត្តព្រះវិហារ ប្រារព្ធមីទ្ទិញ ទិវាជាតិនៃការចងចាំ២០ឧសភា ដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

0

ខេត្តព្រះវិហារ៖ ការប្រារព្ធមីទ្ទិញ ​«ទិវាជាតិ នៃការចងចាំ» ២០ឧសភា ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ នាពេលនេះ គឺដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ ប៉ុល ពត។ ហើយថ្ងៃ២០ឧសភានេះទៀត ក៏ត្រូវបានចាត់ទុកជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ចារឹកទុកក្នុងបេះដូងមិនអាចបំភ្លេចបាន នូវមហាទុក្ខសោកដ៏សែនទារុណ ក្រោមក្រញ៉ាំដៃនៃរបបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

មីទ្ទិញ ​«ទិវាជាតិ នៃការចងចាំ» (១៧មេសា១៩៧៥-៦មករា១៩៧៩) ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងបរិវេណមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍តំបន់១០៣ ស្ថិតក្នុងភូមិសាស្ដ្រឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២០ឧសភា២០២៣ ដែលមានការអញ្ជើញជាអធិបតី ពីសំណាក់ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលស្រុក កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា ប្រទេសកម្ពុជា ជាច្រើនសម័យកាលមកហើយ ជួបតែការបែកបាក់សាមគ្គីភាព ឯកភាពជាតិ និងផ្ទុះឡើងនូវភ្លើងសង្គ្រាមពេញផ្ទៃប្រទេស រហូតដល់ការចូលមកដល់ របបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឲ្យមាតុភូមិ និងប្រជាជាតិកម្ពុជាទូទាំងប្រទេស រងគ្រោះយ៉ាងអណោចអធម អស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ព្រមទាំងការកាប់សម្លាប់ជាតិសាសន៍ឯង អស់ជាង៣លាននាក់។

លោកទេសរដ្ឋមន្ដ្រី មាស សុភា បានមានប្រសាសន៍ថា ថ្ងៃ២០ឧសភា បានក្លាយជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាជនកម្ពុជា បានចារឹកជាប់ក្នុងបេះដូង មិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នង របស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា ដោយមិនអាចរៀបរាប់អស់។ លោកថា ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ទិវាជាតិនៃការចងចាំ ២០ឧសភា ដែលប្រារព្ធធ្វើនាពេលនេះ គឺចង់រលឹកពីប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ អស់រយៈពេលជាង ៤០ឆ្នាំកន្លងមក ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋឲ្យមានការចងចាំ និងចូលរួមការពារកុំឲ្យរបបឃោរឃៅនេះ កើតមានជាលើកទី២ នៅប្រទេសរបស់យើង។ ទន្ទឹមនេះ ក៏ចង់ប្រាប់យុវជនទាំងអស់ថា កាលពីជាង៤០ឆ្នាំមុន គឺរបបឃោរឃៅនេះមានពិតប្រាកដ មិនមែនជារឿងនិទាននោះទេ ហើយអាចសួរនាំឪពុកម្តាយ ជីដូន ជីតា ចាស់ៗ ឫក៏ស្រាវជ្រាវតាមឯកសារផ្សេងៗបាន។

លោកទេសរដ្ឋមន្ដ្រី មាស សុភា បានបញ្ជាក់ទៀតថា បើគ្មានសម្តេចតេជោ ហ៊ុន សែន និងបើគ្មានគណបក្សប្រជាជនកម្ពុជា នោះទេ នោះយើងក៏គ្មានឱកាសនឹងបានជួបជុំគ្នាដូចពេលនេះដែរ៕ដោយ៖ឡុង សំបូរ