មេបញ្ជាការកងកម្លាំងប្រដាប់អាវុធពីរអង្គភាព ក្នុងខេត្តព្រះវិហារ នាំយកអំណោយឧបត្ថម្ភដល់កុមារី សោ ស្រីម៉ី ដែលជាបេក្ខភាពប្រលងចម្រៀងក្នុងកម្មវិធី Caombodian Idol Junior ២០២៣ ដែលកំពុងរស់នៅក្រោមជីវភាពលំបាកលំបិន

0

ខេត្តព្រះវិហារ៖ កុមារី សោ ស្រីម៉ី ដែលជាបេក្ខភាព ប្រលងចម្រៀងក្នុងកម្មវិធី( Caombodian Idol Junior ២០២៣) ដែលកំពុងតស៊ូរស់នៅក្រោមជីវភាពក្រលំបាក ទទួលបានការយកចិត្តទុកដាក់ពី ប្រធានអង្គភាពចំនួនពីរ ក្នុងខេត្តព្រះវិហារ គឺមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ នៅថ្ងៃទី២៣ឧសភា២០២៣។

អំណោយដែលកុមារី សោ ស្រីម៉ី មានវ័យ ១០ឆ្នាំ និងក្រុមគ្រួសារទទួលបាននៅពេលនោះ រួមមាន៖ អង្គភាពទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ (អង្ករ ៣០គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ ឃីត ១កញ្ចប់ រួមទាំងថវិកា ៤០ម៉ឺនរៀល ក្នុងនោះ ថវិកាផ្ទាល់ខ្លួនរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ២០ម៉ឺនរៀល និងថវិការបស់សប្បុរសជន ២០ម៉ឺនរៀល)។

ដោយឡែក អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បាននាំយកអំណោយរបស់ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ហុង វិណុល ទៅឧបត្ថម្ភដល់កុមារី សោ ស្រីម៉ី នូវថវិកា ២០ម៉ឺនរៀល កង់ ១គ្រឿង អង្ករ ២បេ ត្រីខកំប៉ុង ២យួរ មី ២កេស ទឹកផ្លែឈើ ២កេស ទឹកដោះគោឆៅ ១យួរ ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី ២យួរ ខ្ទឹមសរ ១គីឡូក្រាម ស្ករសរ ១គីឡូក្រាម ប៊ីចេង ១គីឡូក្រាម អំបិល ១គីឡូក្រាម និងបានចែកនំចំណី រួមទាំងភេសជ្ជៈ ទឹកក្រួច ជូនដល់កុមារា កុមារី ដែលបានចូលរួមក្នុងពេលផ្តល់អំណោយនោះ ផងដែរ។

ស្របពេលជាមួយគ្នានោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីការខ្វះខាតក្នុងជីវភាពរស់នៅ និងមានក្តីអាណិត ស្រឡាញ់ចំពោះក្មួយស្រី សោ ស្រីម៉ី ដែលជាបេក្ខភាពប្រលងចម្រៀងក្នុងកម្មវិធី (Cambodia idol junior 2023 ) ជាមួយនឹងក្រុមគ្រួសារ ដែលរស់នៅក្រោមការតស៊ូក្នុងជីវភាពលំបាកលំបិន លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានយកវប្បធម៌ចែករំលែកជួយគ្នាក្នុងគ្រាលំបាក នាំយកអំណោយមួយចំនួន មកឧត្ថម្ភដល់កុមារី និងក្រុមគ្រួសារ គ្រាន់បានដោះស្រាយការលំបាកបានមួយគ្រាដែរ។

ដោយឡែក មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែង ដោយសម្តែងនូវការអាណិតអាសូរដល់កុមារី សោ ស្រីម៉ី ដែលកំពុងរស់នៅជាមួយគ្រួសារមួយ ក្នុងជីវភាពក្រលំបាក និងនៅគ្រានោះ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បាននាំពាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ ពិសេស មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ហុង វិណុល ចំពោះកុមារី និងក្រុមគ្រួសារ ដោយភ្ជាប់មកជាមួយនូវអំណោយមួយចំនួន ផងដែរ។

គ្រួសារកុមារី សោ ស្រីម៉ី បានរៀបរាប់ឲ្យដឹងថា សោ ស្រីម៉ី នាងទើបមានវ័យ ១០ឆ្នាំ រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាអភិវឌ្ឍន៍ ក្នុងក្រុងព្រះវិហារ និងនៅក្នុងគ្រួសារមានបងប្អូនពីរនាក់ នាងជាកូនច្បង ក្រោយពេលទំនេរពីការសិក្សា នាងត្រូវចាកចេញពីផ្ទះទៅរកប្រាក់កម្រៃ ដើម្បីជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ តាមរយៈការស៊ីឈ្នួលឃ្លាលគោឲ្យគេ និងបេះផ្កាស្មៅយកទៅលក់ជាដើម។

គ្រួសារកុមារី សោ ស្រីម៉ី បានរៀបរាប់ទៀតថា សោ ស្រីម៉ី មានឪឈ្មោះ សុខ ចាន់រ៉ា អាយុ ៣២ឆ្នាំ មុខរបបជាងសំណង់ មានស្រុកកំណើតខេត្តកណ្ដាល រីឯម្តាយឈ្មោះ ហោ ស្រីតូច អាយុ ៣១ឆ្នាំ ជាអ្នកខេត្តព្រះវិហារ មានមុខរបបមេផ្ទះ ​(ដើរបេះផ្កាស្មៅ និងក្រអៅឈូក) យកទៅលក់បានប្រាក់កម្រៃ យកមកដោះស្រាយក្នុងជីវភាពរស់នៅ និងបច្ចុប្បន្នរស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកបានបញ្ជាក់ថា នៅរយៈពេលច្រើនឆ្នាំកន្លងទៅ ផ្ទះគ្រួសារកុមារី សោ ស្រីម៉ី បានរងនឹងការឆេះភ្លើងអស់ ហើយឪពុក ម្តាយ កុមារី បានជួបគ្រោះថ្នាក់ចរាចរណ៍ ក៏ត្រូវបង្ខំចិត្តលក់ដី និងបានមករស់នៅជាមួយជីតា តាំងពីឆ្នាំ២០១៩ រហូតមកដល់គ្រាបច្ចុប្បន្ន ក្រោមជីវភាពលំបាកលំបិន៕​ដោយ៖ឡុង សំបូរ