ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដែលជាប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៥ឧសភា២០២៣។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារ នៃសពអតីតយុទ្ធជនពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  ព្រមទាំងលោកស្រី ផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ថវិកាបេឡាមរណៈសង្គ្រោះ ដែលត្រូវប្រគល់ជូនគ្រួសារសព នៅពេលនោះ មានចំនួន ៤លានរៀល (បួនលានរៀល) ព្រមទាំងលិខិតរំលែកមរណៈទុក្ខមួយច្បាប់ ជូនដល់គ្រួសារនៃសព លោក ស៊ាំ សាមិត្ត អាយុ៦១ ឆ្នាំ (មុខសញ្ញាពិការ) បានទទួលមរណៈភាព នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

គ្រួសារសពអតីតយុទ្ធជនកម្ពុជា បានសម្តែងការដឹងគុណ ចំពោះថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេស លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដែលតែងបានយកចិត្តទុកដាក់ ចំពោះភាពសុខទុក្ខគ្រប់គ្រួសារសព អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ជារៀងរហូតមក៕ដោយ៖ឡុង សំបូរ