កម្លាំងកងរាជអវុធហត្ថខេត្តព្រះវិហារ ប្តេជ្ញាប្រឆាំងដាច់ខាតរាល់ការធ្វើបដិវត្តន៍ពណ៌ និងត្រូវការពារព្រះមហាក្ស និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានដឹកនាំនាវាកម្ពុជា ឲ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ

0

ខេត្តព្រះវិហារ៖​ ការប្តេជ្ញាចិត្តរបស់ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានធ្វើឡើងក្នុងពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នការងារ ការរក្សាសណ្ដាប់ធ្នាប់ប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថថ្មី ខេត្តព្រះវិហារ ស្ថិតក្នុងហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺននេះទៀត បានធ្វើឡើងក្រោមអធិបតីភាព អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងមានការចូលរួមពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ថ្នាក់ដឹកនាំនៃកងកម្លាំងទាំងបី ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ។

វគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាពយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រព្រឹត្តទៅមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ឧសភា ដល់ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៣ ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា ការហ្វឹកហ្វឺននេះធ្វើឡើងក្នុងន័យលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែម អំពីតួនាទី ភារកិច្ចលើការបំពេញបេសកកម្ម ទាំងចំណេះដឹង ចំណេះធ្វើ លើមុខវិជ្ជាយោធា មុខវិជ្ជាជំនាញអាវុធហត្ថ ដើម្បីឱ្យនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ ក្រមសីលធម៌ គុណធម៌ មានមនសិការការងារ និងអត្តចរិតស្លូតត្រង់ និងពង្រឹងសមត្ថភាពដឹកនាំបញ្ជា អនុវត្តន៍ច្បាប់ ប្រកបទៅដោយប្រសិទ្ឋភាព។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា លទ្ធផលដែលទទួលបានជោគជ័យនាពេលនេះ ក៏ដោយសារមានការយកចិត្តទុកដាក់ចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រពី នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រះវិហារ ដែលតែងតែរំលឹកដាស់តឿន ជម្រុញលើការងារហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើឱ្យកងកម្លាំងមានសមត្ថភាពក្នុងការដឹកនាំបញ្ជា អនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនក្នុងរយៈពេលជិត ១៥ថ្ងៃកន្លងមកនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ និងគុណតម្លៃបំផុត ដល់ខឿនរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បាតុភាពអនាធិបតេយ្យនានា។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ពីកិច្ចខិតខំបំពេញភារកិច្ច របស់កងរាជអាវុធហត្ថខេត្ត ក្នុងការបង្រ្កាបបទល្មើសនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅធានាឱ្យកម្លាំងកងរាជអាវុធហត្ថ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តកាតព្វកិច្ច ទទួលបានជោគជ័យជូនជាតិ និងមាតុភូមិ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ដាស់តឿនដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ត្រូវការពារឱ្យបានដាច់ខាត នូវសុខសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន បើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ ត្រូវការពារព្រះមហាក្ស និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានដឹកនាំកម្ពុជា ឲ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

គួរបញ្ជាក់ថា នៅក្នុងវគ្គហ្វឹកហ្វឺនរយៈពេល ១៥ថ្ងៃនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត ក៏មានបញ្ចូលមេរៀន អំពីរបៀបទប់ស្កាត់ និងបង្ក្រាបក្រុមបាតុករ ដែលធ្វើបាតុកម្មអនាធិបតេយ្យ ប្រឆាំងនឹងរាជរដ្ឋាភិបាល និងការបង្កចលាចលផ្សេងៗ ដែលធ្វើឲ្យបាត់នូវសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបសង្គម៕ដោយ៖ឡុង សំបូរ