ប្រជាពលរដ្ឋងាយរងគ្រោះដោយគ្រោះធម្មជាតិ ៥០០គ្រួសារ នៅក្នុងខេត្តព្រះវិហារ ទទួលបានអំណោយពី រាជរដ្ឋាភិបាលកម្ពុជា

0

ខេត្តព្រះវិហារ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយគ្រោះធម្មជាតិ ៥០០គ្រួសារ នៅក្នុងស្រុកពីរ នៃខេត្តព្រះវិហារ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះវិហារ ។

បន្ទាប់ពីទទួលបានអំណោយពី រាជរដ្ឋាភិបាល រួចមក អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងទាំង៣ មន្ទីរជំនាញ មន្ទីរ និងអង្គភាពពាក់ព័ន្ធ នាំយកអំណោយទាំងនោះ ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំង ៥០០គ្រួសារ នៅក្នុងស្រុកពីរ គឺស្រុកឆែប ២០០គ្រួសារ និងស្រុកជ័យសែន ៣០០គ្រួសារ ។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៦មិថុនាម្សិលមិញ នៅក្នុងបរិវេណសាលាស្រុកឆែប និងស្រុកជ័យសែន នៃខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកពី ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ នាពេលនោះផងដែរ។

លោក គីម រិទ្ធី មានប្រសាសន៍ទទៀតថា សម្តេចទាំងទ្វេតែងតែគិតគូពីភាពសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលងរងគ្រោះ និងងាយរងគ្រោះ ដោយគ្រោះធម្មជាតិ ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងប្រជាពលរដ្ឋទីទ័លក្រ ដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ឋានៈ មិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីនោះឡើយ។

លោកអភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែទាំងសុខភាពឲ្យបានល្អ ជាមួយនឹងការរស់នៅស្អាត ផឹកទឹកស្អាត សម្អាតបរិស្ថានឲ្យបានល្អ និងត្រូវខិតខំបង្កបង្កើនផល ការចិញ្ចឹមសត្វ និងការដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ឲ្យបានកាន់តែល្អប្រសើរជាងនេះថែមទៀត និងក៏ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍របស់ខ្លួនផងដែរ។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះវិហារ លោក រស់ ស៊ីផា បានថ្លែងថា ការចែកអំណោយនាពេលនេះ គឺដើម្បីរួមចំណែក ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ ដោយគ្រោះធម្មជាតិ ដែលជាទិសដៅរបស់ក្រសួងសង្គមកិច្ច ក្នុងការដាក់ចេញជាយុទ្ធសាស្ត្រសម្រាប់អនុវត្ត ដោយផ្តោតលើកម្មវិធី និងអនុកម្មវិធីចំនួន ៤ ។

លោក រស់ ស៊ីផា បានបញ្ជាក់ថា នៅពេលនេះមានប្រជាពលរដ្ឋ ២០០គ្រួសារ មកពី ៨ឃុំ ក្នុង ១ឃុំ ២៥គ្រួសារ នៅក្នុងស្រុកឆែប និង ប្រជាពលរដ្ឋ ៣០០គ្រួសារ មកពី ៦ឃុំ ក្នុង ១ឃុំ ៥០គ្រួសារ ក្នុងស្រុកជ័យសែន ដោយក្នុង ១គ្រួសារៗ ទទួលបានអង្ករ ១បេ ទឹកស៊ីអ៊ីវ ១យួរ ស្កសរ ១ថង់ ប្រេងឆា ១ដប និងមុង ១ ផងដែរ៕ដោយ៖ឡុង សំបូរ