នាយឧត្តមសេនីយ៍ មាស សុភា បំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ជិត ៨០០នាក់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារមាតុភូមិកម្ពុជា

0

ខេត្តព្រះវិហារ៖ អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ៧៨១នាក់ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាល ដ៏ដូចក្រសួងការពារជាតិ និងសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ពិធីដែលបានធ្វើឡើងនៅរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នាមកនេះ គឺនៅថ្ងៃទី១៤មិថុនា២០២៣ សមាគមបានបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ៦៧២នាក់ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត និងនៅថ្ងៃទី១៥មិថុនា២០២៣ នេះ សមាគមបានបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ១០៩នាក់ បន្ថែមទៀត ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនទាំង ៧៨១នាក់ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស សមាជិកអចិន្រ្ដៃយ៍គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ និងក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក និងនៅថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ ផងនោះដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានឡើងអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ទិវាអតីតយុទ្ធជនលើកទី២១មិថុនា២០២៣ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋកម្ពុជា បានប្រារព្ធខួបលើកទី១៦ ដើម្បីរំលឹកដល់គំរូវីរភាពដ៏មុះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ ជាទីស្នេហានៃយើង។ លោកបានបញ្ជាក់ថា ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី កសាងសុខសន្តិភាព និងស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលកន្លងមកបានយកចិត្តទុកដាក់ អំពីភាពសុខទុក្ខ និងតែងបានជួយសម្រួលរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនជានិច្ច។

នាយឧត្តមសេនីយ៍ មាស សុភា​ បានថ្លែងទៀតថា ពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជននាពេលនេះ គឺពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ប្រកបដោយការគោរព និងដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហាន នូវការបូជាសាច់ស្រស់ ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេត្វជាតិ មាតុភូមិ និងប្រជាជន ទទួលបានសុខសន្តិភាព រហូតមកដល់សព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែង ក្រើនរំលឹកដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវមានការជឿជាក់ ស្មោះស្ម័គ្រ និងគាំទ្រលើការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងត្រូវនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ ជាបន្តទៀត ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព។

គួរបញ្ជាក់ថា អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ មានសមាជិកសរុប ១ពាន់ ៩៥០នាក់ អ្នកទទួលបានការបំពាក់មេដាយការពារជាតិ ១ពាន់ ៩០២នាក់ នៅទូទាំង ៨ក្រុង/ស្រុក នៃខេត្តព្រះវិហារ និងមានជិកទូទាំងប្រទេសសរុបជាង ១០ម៉ឺននាក់៕ដោយ៖ឡុង សំបូរ