អភិបាលខេត្តព្រះវិហារ បានបន្តចុះបំពាក់មេដាយការពារជាតិ ជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជាខេត្តជិត ៤០០នាក់ នៅក្នុងស្រុកពីរ នៃខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលមានការចូលរួមពី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ​,ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធ នៅរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នានេះ គឺនៅថ្ងៃទី១៦-១៧មិថុនា២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងបំពាក់មេដាយការពារជាតិ ជូនសមាជិក សមាជិកា អតីតយុទ្ធជនចំនួន ៣៥៣នាក់។

ពិធីដែលបានធ្វើឡើងនៅថ្ងៃទី១៦មិថុនា២០២៣ ស្ថិតនៅក្នុងស្រុករវៀង មានសមាជិក សមាជិកា អតីតយុទ្ធជនចំនួន ២៦៥នាក់ ដែលទទួលបានមេដាយការពារជាតិ (មេដាយមាស និងមេដាយសំរិត) និងនៅថ្ងៃទី១៧មិថុនា២០២៣នេះ ស្ថិតនៅក្នុងស្រុកជ័យសែន មានសមាជិក សមាជិកា អតីតយុទ្ធជនចំនួន ៨៨នាក់ ដែលទទួលបានការបំពាក់ (មេដាយមាស និងមេដាយសំរិត) ពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានឡើងអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្ញើជូនអតីតយុទ្ធជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ទិវាអតីតយុទ្ធជនលើកទី២១មិថុនា២០២៣ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋកម្ពុជា បានប្រារព្ធខួបលើកទី១៦ ដើម្បីរំលឹកដល់គំរូវីរភាពដ៏មុះមុត អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ ជាទីស្នេហានៃយើង។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ បានបញ្ជាក់ថា ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី កសាងសុខសន្តិភាព និងស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក៏ដូចជា គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុករវៀង និងស្រុកជ័យសែន ដែលកន្លងមកបានយកចិត្តទុកដាក់ ពីភាពសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ជាប្រចាំ និងតែងតែបានជួយសម្រួលដល់កិច្ចការងារ និងរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនជានិច្ច។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរពីការរវិវត្តន៍រីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា កន្លងមកក៏ដូចជាគ្រាបច្ចុប្បន្ន  រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់អភិវឌ្ឍន៍លើគ្រប់វិស័យ  ពិសេស វិស័យអប់រំត្រូវបានយកចិត្តទុកដាក់  ដោយខិតខំពង្រីកបន្ថែម នូវអគារសិក្សាឲ្យបានទៅដល់តាមបណ្តា ស្រុក ឃុំ សង្កាត់  ក្នុងការបណ្តុះបណ្តាល នូវធនធានមនុស្ស  ដែលជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកអភិបាលខេត្ត បានថ្លែង ក្រើនរំលឹកដល់បងប្អូនសមាជិក សមាជិកា និងគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវជឿជាក់ ស្មោះស្ម័គ្រ និងគាំទ្រលើការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទន្ទឹមនឹងការគាំទ្រនេះ សូមបងប្អូនអតីតយុទ្ធជនទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ដើម្បីផ្តល់លទ្ធភាពជូន សម្តេចតេជោ ដឹកនាំប្រទេស ឈានឆ្ពោះទៅអភិវឌ្ឍលើគ្រប់វិស័យ និងនាំវាកម្ពុជា ទៅកាន់ត្រើយនៃសុខសន្តិភាព ជារៀងរហូត៕ដោយ៖ឡុង សំបូរ