សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេស ប្រកបដោយការអភិវឌ្ឍ និងរក្សាបាននូវសុខសន្តិភាព

0

ខេត្តព្រះវិហារ៖ ប្រសាសន៍របស់ លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានថ្លែង ក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី គណបក្សប្រជាជនកម្ពុជា ១៧៩នាក់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ពិធីនេះទៀត ក៏មានការចូលរួមពីលោក សំ លាងទ្រី បេក្ខភាពតំណាងរាស្ត្រលេខរៀងទី១ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ឃុំ រួមទាំងសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាននោះ ដ៏ច្រើនកុះករ។

សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ​ លោក គីម រិទ្ធី បានថ្លែង ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ចំពោះថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ រួមទាំងសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាថ្មីទាំង ១៧៩នាក់ នៅថ្នាក់មូលដ្ឋាននេះ ផងដែរ។

លោក គីម រិទ្ធី បានថ្លែងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកថ្មីទាំង ១៧៩នាក់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា នាពេលនេះ។ លោកថា ការចូលមករួមសុខរួមទុក្ខជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងពេលនេះ គឺជាការផ្តល់យុត្តិធម៌ ជូនគណបក្សប្រជាជនកម្ពុជា ពិសេសគាំទ្រលើការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រោះត្បិតបក្សប្រជាជន មានគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

លោក គីម រិទ្ធី បានក្រើនរំលឹកដល់ គណបក្សនៅថ្នាក់មូលដ្ឋាន ត្រូវបន្តបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត សម្រាប់ស្នងអ្នកជំនាន់មុន ព្រោះពួកគាត់មានវ័យកាន់តែចាស់ណាស់ទៅហើយ។ ចំពោះសមាជិក សមាជិកាថ្មី ក៏ដូចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមភ្ជាប់តេឡេក្រាមជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទទួលបានព័ត៌មានថ្មីៗពី សម្តេចតេជោ។

សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ​ លោក គីម រិទ្ធី បានអំពាវនាវដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់ ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងកសាងប្រទេសឈានឆ្ពោះទៅរកការអភិវឌ្ឍគ្រប់វិស័យ ក្នុងម្លប់នៃសុខសន្តិភាពជានិច្ចនិរន្តរ៍៕ ដោយ៖ឡុង សំបូរ