សាខាកាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងស្នប់ជូនដល់ប្រជាពលរដ្ឋ នៅស្រុកពីរក្នុងខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងមន្ត្រីមូលដ្ឋាន ចុះប្រគល់អណ្តូងស្នប់ចំនួន ៦អណ្តូង ដែលជាការឧបត្ថម្ភរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍ នៅក្នុងស្រុកពីរ គឺស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ពិធីប្រគល់អណ្តូងស្នប់ទាំង ៦នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លោក ស្វាយ សំអ៊ាង បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ជាចាំបាច់ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ស្វាយ សំអ៊ាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាអណ្ដូងទឹកស្អាតទាំងនេះឲ្យបានល្អ ត្រូវសម្អាតជុំវិញបរិវេណនៃទីធ្លារអណ្ដូង និងត្រូវសាមគ្គីគ្នាឲ្យបានស្អិតរមួត ដើម្បីអនាម័យភូមិឃុំ ឬសហគមន៍ទាំងមូល ឲ្យបាននូវទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតជានិច្ច។

លោក ស្វាយ សំអ៊ាង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យរួមគ្នាថែរក្សាអនាម័យបរិស្ថានជុំវិញផ្ទះ ដើម្បីការពារកុំឲ្យមូសខ្លា ឬមូសដែកគោលញីខាំ ជៀសវាងកើតជំងឺគ្រុនចាញ់-គ្រុនឈាម ឬជំងឺឆ្លងផ្សេងៗទៀត ព្រោះរដូវនេះជារដូវវស្សា និងសូមកុំប្រើប្រាស់គ្រឿងញៀន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងសូមកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងឲ្យសោះ៕ដោយ៖ឡុង សំបូរ