ខេត្តកំពង់ធំ៖ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម តម្លៃជាង ៤លានដុល្លាររ ជូនអាជ្ញាធរខេត្តកំពង់ធំ ដើម្បីប្រតិបត្តិការបន្ត និងលើកកម្ពស់សេវាថែរក្សាអនាម័យ ការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប ។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ ថ្នាក់ដឹកនាំ គណៈអភិបាលខេត្តកំពង់ធំ អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី មន្ត្រីបច្ចេកទេសពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្សដ៏ច្រើនកុះករ ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានថ្លែងថា កន្លងមក ក្រុងស្ទឹងសែន មានទីលានទុកដាក់សំណល់រឹងក្នុងទីប្រជុំជន មាន១កន្លែង ទំហំប្រមាណ ១ហិចតា ដែលអាចផ្ទុកសំរាមបានប្រមាណពី ៣០ ទៅ៣៥តោន ក្នុងមួយថ្ងៃ។ លោកថា សំរាមទាំងនេះ ប្រមូលមកតាមខ្នងផ្ទះ តាមទីផ្សារ និងទីសាធារណៈ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទីតាំងចាក់សំរាមនេះ មិនទាន់មានលក្ខណៈសមស្រប សម្រាប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសនៅឡើយទេ ដោយទីតាំងនេះ ស្ថិតនៅទីប្រជុំក្បែរលកន្លែងរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់បរិស្ថាន គុណភាពខ្យល់ សុខភាពសាធារណៈ និងងាយប្រឈមនិងអគ្គីភ័យ។ ហើយទីតាំងចាក់សំរាមនេះ នឹងឈប់ប្រើប្រាស់ បន្ទាប់ពីទីលានទុកដាក់សំរាមក្រុងស្ទឹងសែន សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ទីលានទុកដាក់សំរាមខេត្តកំពង់ធំនាពេលនេះ គឺជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤លាន ៦សែន ២ម៉ឺន ៩ពាន់ ៣៩៩ ដុល្លារអាមេរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២ លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា រណ្តៅទុកដាក់សំរាមមានទទឹង ៨០ម៉ែត្រ បណ្តោយ ១៧០ម៉ែត្រ ជម្រៅ ២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ពាន់ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល ២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ពាន់ ៤៧៨នាក់ នៅក្នុង ជុំវិញទីរួមខេត្តកំពង់ធំ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែង ចាត់ទុកការដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់បងប្អូននៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ ជាពិសេស គឺកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន ព្រមទាំងធ្វើឱ្យខេត្តកំពង់ធំ មានភាពស្រស់បំព្រង ប្រកបដោយបរិយាប័ន្នផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរគុណ ក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់ អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
លោកទេសរដ្ឋមន្ត្រី បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោត សូមកុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្ត លើកកម្ពស់ការអភិវឌ្ឍកម្រិតជីវភាព របស់បងប្អូនឱ្យកាន់តែប្រសើរឡើង និងមានភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត៕