ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា ពីរគ្រួសារ នៅក្នុងស្រុកពីរ នៃខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន នាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួនពីរគ្រួសារ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសពអតីតយុទ្ធជនទាំងពីរគ្រួសារ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក  និងលោកជំទាវជាភរិយា ផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងទៀតថា ខណៈនេះក្រុមការងារថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៨លានរៀល ព្រមទាំងលិខិតរំលែកមរណទុក្ខពីរច្បាប់ ទៅជូនដល់គ្រួសារនៃសពចំនួនពីរគ្រួសារ គឺ ១.ឈ្មោះ សួន សាវុន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខសញ្ញាពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ទទួលមរណភាព នៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ទទួលបានថវិកា ៤លានរៀល។ ២.ឈ្មោះ ប៉ុល ស៊ីថា ភេទប្រុស អាយុ ៦០ឆ្នាំ មុខសញ្ញាពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ទទួលមរណភាព នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ទទួលបានថវិកា ៤លានរៀល។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា គំរូវីរភាពដ៏មុះមុត អង់អាចក្លាហាន ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ គឺជាគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់អតីតយុទ្ធជន បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា នៃយើង៕ដោយ៖ឡុង សំបូរ