ខេត្តស្ទឹងត្រែង៖ ទណ្ឌិតកម្ពុជា ដែលកំពុងអនុវត្តទោស នៅក្នុងពន្ធនាគារបាំងលាង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ៩នាក់ ស្រី ១នាក់ និងទណ្ឌិតឡាវ ដែលកំពុងអនុវត្តទោសដាក់ពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង នៃព្រះរាជាណាចក្រកម្ពុជា ៣៤នាក់ ស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចនៃប្រទេសទាំងពីរ ឯកភាពរួមគ្នា ធ្វើពិធីផ្ទេរពីកម្ពុជា ទៅឡាវ និងពីឡាវ មកប្រទេសកម្ពុជា ដើម្បីនាំយកទៅបន្តអនុវត្តទោស ទៅតាមនីតិវិធីច្បាប់ នៅក្នុងពន្ធធនាគារ នៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ។
សមត្ថកិច្ចកម្ពុជា បានឲ្យដឹងថា ពិធីផ្ទេរទណ្ឌិតកម្ពុជា-ឡាវ ដែលមានចំនួន ៤៣នាក់ ស្រី ៤នាក់នោះ បានធ្វើឡើងក្រោមបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងរាក់ទាក់ រវាងគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ លោក តាន់ហ៊ាង ដាវ័ណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងមានការចូលរួមពីថ្នាក់ដឹកនាំ នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ – អយ្យការអមសាលាដំបូងរាធានីភ្នំពេញ – អគ្គស្នងការដ្ឋាននគរបាលជាតិ – អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – អគ្គនាយកដ្ឋានពន្ធនាគារ – ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដែលបានចូលរួម ។
ដោយឡែក គណៈប្រតិភូឡាវ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុមលិត ដាវហ៊ុងសុលី អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងស្ដារនីតិសម្បទា នៃក្រសួងសន្តិសុខសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដោយមានការចូលរួមពី លោក សុកិនដា អានុវង្ស លេខាទី២ នៃអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោកស្រី អិនថះវា សុវណ្ណានៈវង្ស លេខាទី៣ នៃស្ថានកុងស៊ុល នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងស្ថាប័នពាក់ព័ន្ធនានាទៀតផងដែរ ។
សមត្ថកិច្ចកម្ពុជា បានបញ្ជាក់ថា នៅក្នុងពិធីផ្ទេរទណ្ឌិតទាំង ៤៣នាក់ ស្រី ៤នាក់ ទាំងភាគីកម្ពុជា និងភាគីឡាវ នាពេលនោះ ក៏មានបើកកិច្ចប្រជុំអនុវត្តនីតិវិធី នៃការផ្ទេរទណ្ឌិតខាងលើ ដោយបានរៀបចំឡើងនៅ សាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន ប្រទេសឡាវ និងកិច្ចពិភាក្សានោះ បានបិទបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង ក្នុងនាមប្រទេសភូមិផង របងជាមួយគ្នា៕ដោយ៖ឡុង សំបូរ