ទេសរដ្ឋមន្ត្រី កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ជំរុញប្រធានមន្ទីរផែនការថ្មី ខេត្តព្រះវិហារ ឲ្យខិតខំយកចិត្តទុកដាក់ដឹកនាំ គ្រប់គ្រង និងពង្រឹងលើការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់

0

ខេត្តព្រះវិហារ៖ ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍ដាស់តឿនបែបនេះ ខណៈដែលលោកទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស តែងតាំង ប្រធានមន្ទីរផែនការថ្មីខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តព្រះវិហារ ។

ពិធីនេះ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,គណៈអភិបាលខេត្តព្រះវិហារ ,ថ្នាក់ដឹកនាំក្រុង ស្រុក កងកម្លាំងទាំង៣ មន្ទីរ និងអង្គភាពជុំវិញខេត្ត ក៏បានចូលរួម ផងដែរ។

ប្រធានមន្ទីរផែនការថ្មី ខេត្តព្រះវិហារ  លោកស្រី ស៊ាន សុគីន ត្រូវបានប្រកាសចូលកាន់មុខតំណែង ជំនួសអតីតប្រធានមន្ទីរផែនការខេត្តព្រះវិហារ លោក សេង ប៊ុនរឿន ដែលត្រូវចូលនិវត្តន៍ ។

ប្រធានមន្ទីរផែនការថ្មី ខេត្តព្រះវិហារ  លោកស្រី ស៊ាន សុគីន បានប្តេជ្ញាចិត្តថា នឹងគោរព ប្រតិបត្តិដោយភក្តីភាព ចំពោះបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ស្របទៅតាមច្បាប់ បទបញ្ជា លិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងប្តេជ្ញាចូលរួម ថែរក្សាការពារសន្តិភាព កេរ្តិ៍ដំណែល សមិទ្ធិផលដែលមានសព្វថ្ងៃ ឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូត។

លោកស្រីប្រធានមន្ទីរផែនការថ្មី ខេត្តព្រះវិហារ បានបន្តប្តេជ្ញាយ៉ាងមុតមាំ ក្នុងការអនុវត្ត និងគោរពតាមគោលការណ៍ណែនាំរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារ តាមតួនាទីភារកិច្ច សហការជាមួយមន្ត្រីតាមការិយាល័យជំនាញ ក្នុងការសិក្សាស្វែងយល់ ពីការវិវឌ្ឍននៃប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីជម្រុញការងារក្នុងមន្ទីរឲ្យកាន់តែប្រសើរ និងបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក ដើម្បីទទួលបានជោគជ័យនូវផែនការ ដែលថ្នាក់ដឹកនាំប្រគល់ជូន។

អភិបាលរងខេត្តព្រះវិហារ លោក មិន ស៊ីថា បានសម្តែង នូវការចូលរួមអបអរសាទរចំពោះលោកស្រីប្រធានមន្ទីរផែនការថ្មីខេត្តព្រះវិហារ ដែលទើបត្រូវបានតែងតាំង ប្រគល់តួនាទី ភារកិច្ច និងបានវាយតម្លៃខ្ពស់ ចំពោះអតីតប្រធានមន្ទីរផែនការខេត្ត ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ និងទទួលបានការគោរពស្រលាញ់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ផងដែរ។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានជំរុញប្រធានមន្ទីរផែនការថ្មីខេត្តព្រះវិហារ ត្រូវខិតខំយកចិត្តទុកដាក់ដឹកនាំគ្រប់គ្រង និងពង្រឹងលើការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ទាំងក្នុងមន្ទីរ ក៏ដូចជាតាមបណ្តាអង្គភាព ស្ថាប័នរដ្ឋ ដែលស្ថិតក្រោមឱវាទរដ្ឋបាលខេត្តព្រះវិហារ ទាំងមូល ឱ្យបានទូលំទូលាយ និងទទួលបានជោគជ័យ រាល់ភារកិច្ច និងកាតព្វកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូន ជាពិសេសត្រូវសម្រេចឲ្យបាន លើវិស័យផែនការនិងស្ថិតិ ដែលមន្ទីរត្រូវតែអនុវត្តឲ្យខាងតែបាន៕ដោយ៖ឡុង សំបូរ