តំបន់អតីតបន្ទាយទាហានខ្មែរក្រហម បានប្រែក្លាយជាវត្តអារ៉ាមដ៏ប្រណិត និងសមិទ្ធិផលនានាមានតម្លៃជិត ៦ម៉ឺនដុល្លារ បានបន្តរីកដុះដាល ក្រោមការកសាងរបស់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ទីអារ៉ាមសាសនាមួយដ៏ប្រណិត និងសមិទ្ធិផលនានាជាច្រើនទៀត ដែលបានសាងសង់ឡើងនៅក្នុងតំបន់ អតីតបន្ទាយខ្មែរក្រហម (ប៉ុល ពត) ក្នុងតម្លៃទឹកប្រាក់ជិត ៦ម៉ឺនដុល្លារ ក្រោមការអភិវឌ្ឍ និងកសាងយ៉ាងផ្ចិតផ្ចង់របស់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០មិថុនា២០២៣នេះ ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោក មាស សុភា ស្ថិតនៅក្នុងភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងវត្ត«ទក្សិណគីរី» ហៅវត្តសំឡាញ ដែលមានតម្លៃជិត ៦ម៉ឺនដុល្លារនោះ ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក មន្ទីរ អង្គភាព មន្ត្រីមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដ៏ច្រើនកុះករ ផងដែរ។

អភិបាលស្រុកសង្គមថ្មី លោក ស៊ាប កែវជីវ៉ា បានថ្លែងថា វត្តទក្សិណគីរី កាលពីដើមមានឈ្មោះវត្ត«គីរីបរិពត័» ហើយនៅក្នុងជំនាន់ប៉ុលពត វត្តនេះគេបានយកធ្វើជាបន្ទាយទាហាន លុះដល់ឆ្នាំ២០០១ វត្ត«គីរីបរិពត័» ត្រូវបានបង្កើតឡើងវិញ និងចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨ វត្តនេះមានព្រះវិហារ តែ១ខ្នង សង់អំពីឈើ ដែលមានសភាពចាស់ទ្រុតទ្រោម។

លោក ស៊ាប កែវជីវ៉ា បានថ្លែងទៀតថា នៅក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ វត្ត«ទក្សិណគីរី»ហៅវត្តសំឡាញ ទទួលបានការកសាងនូវសមិទ្ធិផលថ្មីៗ ជាច្រើនទៀត ក្រោមគំនិតផ្តួចផ្តើមរបស់លោក នុន ចាន់វិទ្យា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកសង្គមថ្មី និងលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ ​បានរួមគ្នាកសាងនូវសមិទ្ធិផលថ្មី បន្ថែមទៀត ក្នុងនោះមាន ខ្លោងទ្វារ១ សង់របងព័ទ្ធជុំវិញវត្ត និងរូបសំណាកដំរី ១គូ ក្រោមការចំណាយទឹកប្រាក់អស់ជិត ៦ម៉ឺនដុល្លារ។ លោកបញ្ជាក់ថា សមិទ្ធិផលថ្មីនេះ គឺជាអំណោយរបស់ ទេសរដ្ឋមន្ត្រី មាស សុភា ។

អភិបាលរងខេត្តព្រះវិហារ លោក យ៉ុង គឹមហ៊ាន បានថ្លែង កោតសរសើរ ចំពោះការរីកដុះដាល នៃសមិទ្ធិផលនានា នៅក្នុងវត្ត«ទក្សិណគីរី»នេះ និងលោកបានចាត់ទុក ការកើតឡើងនៃសមិទ្ធិផលថ្មីនេះ បានជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាច់ស្រយាលមួយនេះ បានធ្វើបុណ្យជាមួយព្រះ សំពះទេវតា ព្រោះទីអារ៉ាម គឺជាទីសំអាតចិត្ត និងជាទីជ្រះថ្លានៃអារម្មណ៍។ ដូច្នេះ សូមពុកម៉ែ បងប្អូនទាំងអស់ ជួយថែរក្សាសមិទ្ធិផលនេះឲ្យបានគង់វង្ស និងសូមកុំភ្លេចទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃ២៣កក្កដា២០២៣ ខាងមុខនេះ កុំបីខាន។

ទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ក្រោមក្តីនឹករលឹកជាពន់ពេក។

ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង រំលឹកពីរបបប៉ុល ពត គ្រប់គ្រងអំណាចក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដោយជំនឿ សាសនា និងវត្តអារ៉ាម ជាទីបូជាព្រះធម៌ រួមទាំងសិទ្ធិសេរីភាពផងនោះ ត្រូវបានរបបនេះបំបាត់ចោលទាំងស្រុង។ លោកថា ក្រោមការរំដោះប្រទេស ដោយឥស្សរជនស្នេហាជាតិ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃ៧មករា១៩៧៩ គ្រប់សាសនា បានចាប់បដិសន្ធិរស់ឡើងវិញ ដែលក្នុងនោះ សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ក៏បានរស់ឡើងវិញ ទាំងជំនឿ សាសនា ទីអារ៉ាម និងការបដិបត្តិនៃព្រះធម៌ ផងដែរ។

ទេសរដ្ឋមន្ត្រី មាស សុភា បានស្នើដល់ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជួយថែរក្សាសមិទ្ធិផលទាំងនេះឲ្យបានគង់វង្ស និងបន្តថែរក្សាសុខសន្តិភាព ដែលយើងរកបានមកដោយលំបាកនេះ ឲ្យបានស្ថិតស្ថេរ ហើយត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតំនាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣កក្កដា២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដោយភ្ជាប់ទៅជាមួយផង នូវអត្តសញ្ញាណបណ្ណ និងចុងសន្លឹកបណ្ណបោះឆ្នោត គឺគូសជូនគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលំដាប់លេខរៀងទី១៨ ក្រោមគេបង្អស់ ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បន្តដឹកនាំប្រទេស ឈានទៅរកការអភិវឌ្ឍគ្រប់វិស័យ បន្ថែមទៀត និងរក្សាបាន នូវសុខសន្តិភាព ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕ដោយ៖ឡុង សំបូរ