ខេត្តព្រះវិហារ៖ក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកឆែប ខេត្តព្រះវិហារ បានបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា និងរំលឹកខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ស្រុកឆែប នៅថ្ងៃដំបូងនេះ មានសមាជិក សមាជិកា ចូលរួម ១ពាន់ ៥០០នាក់ មកពីបណ្តាឃុំនានា នៅទូទាំងស្រុកឆែប ខេត្តព្រះវិហារ ។
ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃដំបូងនោះ ធ្វើឡើងក្រោមវត្តមាន លោក ពៅ ស៊ីថា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកឆែប និងលោក ច័ន្ទ សុភ័ក្ត្រា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប ដោយមានការចូលរួមពី លោក សុខ សាន្តតារ៉ា អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប ព្រមទាំងថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ និងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងសមាជិក សមាជិកា បក្សប្រជាជនកម្ពុជា សរុប ១ពាន់ ៥០០នាក់។
នៅក្នុងការចុះបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត នៅថ្ងៃដំបូងនោះ ថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកឆែប ខេត្តព្រះវិហារ បានដឹកនាំសមាជិក សមាជិកាបក្ស ស្តាប់សារដ៏មានអត្ថន័យ នឹងខ្លឹមសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យ៉ាងយកចិត្តទុកដាក់បំផុត។
ស្របពេលជាមួយគ្នានោះ ប្រធានក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្តព្រះវិហារ បានថ្លែង ប្រាប់សមាជិក សមាជិកាបក្សនៅទូទាំងស្រុកឆែប ឲ្យត្រៀមខ្លួន និងរៀបចំឯកសារ សម្រាប់នាំភ្ជាប់ជាមួយ ដើម្បីនាំយកទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ កុំបីខានឡើយ។ ហើយត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស រក្សាការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់ភាពសំបូរសប្បាយ រុងរឿងជារៀងរហូត។
ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតខេត្តព្រះវិហារ លោក ជោ ម៉ាប់ បានប្រាប់អ្នកសារព័ត៌មានថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខេត្តព្រះវិហារ មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១២គណបក្ស ក្នុងនោះមាន៖ គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សស្ត្រីដើម្បីស្រ្តី គណបក្សខ្មែរឈប់ក្រ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
លោក ជោ ម៉ាប់ បានបញ្ជាក់ថា ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ខេត្តព្រះវិហារ នៅថ្ងៃដំបូងនេះ មានតែ គណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត។ ចំណែក គណបក្សនយោបាយ ១១ទៀត អាចនឹងបើកយុទ្ធនាការឃោសនា នៅថ្ងៃបន្តបន្ទាប់ខាងមុននេះ៕ដោយ៖ឡុង សំបូរ