អបអរខួបទី១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ អំពាវនាវឲ្យចូលរួមថែរក្សាបរិស្ថាន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ មកទស្សនាតំបន់បេតិកភណ្ឌ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលកំពុងបំពេញភារកិច្ចតាមបន្ទាត់ព្រំដែន

0

ដោយ៖ សួន លីណា
ខេត្តព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីខួបលើកទី១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ កក្តដា ២០២៣។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សា លោក លោកស្រី អភិបាលរងខេត្តព្រះវិហារ មេបញ្ជាការ មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋ ក្មួយៗ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក សន្តិសុខអភិរក្ស ឆ្មាំ ពលករ នៃអាជ្ញាធរជាតិព្រះវិហារ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ នៅក្នុងពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានធ្វើការអំពាវនាវសូមឲ្យចូលរួមថែរក្សាបរិស្ថាន ឲ្យបានស្អាតគ្រប់ទីកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាតំបន់បេតិកភណ្ឌ របស់យើង បានកាន់តែច្រើនឡើង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារ កងទ័ព នគរបាល និងមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ចតាមបន្ទាត់ព្រំដែន ។

លោកជំទាវ បានបញ្ជាក់ថា៖ ការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ពិតជាមានសារៈសំខាន់ និងមានតម្លៃខ្លាំងណាស់ ដែលឆ្លុះបញ្ជាំងពីមនោសញ្ជេតនាស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រាសាទព្រះវិហារ ជាកេរមរតក ជាទីកន្លែងគោរពសក្ការៈ ជាទីនៃជំនឿសាសនាយ៉ាងមុតមាំ ជាប្រាសាទដ៏ស្រស់ស្អាត និងជាទីមោទនៈដល់ប្រជាជនកម្ពុជាទាំងមូល ហើយសព្វថ្ងៃត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សេចក្តីទុកចិត្តដល់អាជ្ញាធជាតិព្រះវិហារឱ្យទទួលខុសត្រូវ មើលថែ អភិរក្ស និងអភិវឌ្ឍចាប់តាំងពីឆ្នាំ ២០០៦ មក ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរជាតិព្រះវិហារ ដែលបានទទួលសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក សន្តិសុខអភិរក្ស ឆ្មាំ ពលករ នៃអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ បានផ្តល់ភាពកក់ក្តៅ និងជំនឿទុកចិត្តជូនដល់ប្រជាជនកម្ពុជាទាំងអស់ដែលជាម្ចាស់នៃសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។ បន្តការពារ ថែរក្សា អភិវឌ្ឍន៍ ប្រាសាទព្រះវិហារ ប្រាសាទបុរាណ ក៏ដូចជាសម្បត្តិធម្មជាតិ ដែលនៅជុំវិញខ្លួន ដើម្បីទុកជាផលប្រយោជន៍សម្រាប់ខ្លួនឯងនៅពេលបច្ចុប្បន្នផង សម្រាប់ជនរួមជាតិទាំងអស់ផង និងសម្រាប់ជាកេរតំណែលបន្តទៀតដល់អ្នកជំនាន់ក្រោយនៃយើងទាំងអស់គ្នា ការរក្សាមរតក វប្បធម៌ ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ឲ្យបានទៅដល់កូនចៅជំនាន់ក្រោយនៃយើង គឺដើម្បីឲ្យពួកគេមានមោទនភាពចំពោះខ្លួនឯងដែលបានកើតជាខ្មែរ និងមានសេចក្តីនឹករលឹក គោរពដឹងគុណដល់បុព្វការី ដែលថែរក្សាសម្បត្តិកេរមរតកទាំងអស់នេះ ៕