អាជ្ញាធរជាតិព្រះវិហារ បង្កើតទិដ្ឋភាពដ៏កម្រ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា រត់ឡើងភ្នំ ប្រាសាទព្រះវិហារ

0

ខេត្តព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយ រដ្ឋបាលខេត្តព្រះវិហារ  និងក្រុមការងារ Run With Sai រៀបចំព្រឹត្តការណ៍កីឡា រត់ឡើងភ្នំប្រាសាទព្រះវិហារ ដើម្បីអបអរខួប ១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០០៨ កន្លងទៅ ។

ព្រឹត្តិការណ៍ដ៏កម្រនេះ បានធ្វើឡើងនៅថ្ងៃទី៩កក្កដា ម្សិលមិញ  ដោយបានចាប់ផ្ដើមនៅម៉ោង ៦ និង៣០ នាទីព្រឹក រត់ចេញពីទីតាំងជើងភ្នំប្រាសាទព្រះវិហារ ឡើងឆ្ពោះទៅកាន់គោបុរៈទី៤ នៃប្រាសាទព្រះវិហារ ដែលមាន ២វិញ្ញាសា ក្នុងនោះមាន វិញ្ញាសារត់មានចម្ងាយ ៧គីឡូម៉ែត្រ និងវិញ្ញាសាដើរចម្ងាយ ៧០០ម៉ែត្រ។

ពិធីនេះទទួលបានការឧបត្ថម្ភពី THE MANY FOUNDATION, V-ACTIVE, SMART AXIATA សហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងដៃគូសហការជាច្រើនទៀត ផងដែរ។

អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃម្សិលមិញ ក្រោមអធិបតីភាព លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអាជ្ញាធរជាតិព្រះវិហារ លោក  យ៉ុង  គឹមហ៊ាន  តំណាង  លោក  គីម  រឹទ្ធី  អភិបាលខេត្តព្រះវិហារ  ក្រុមការងារ Run With Sai ដែលដឹកនាំដោយ លោក អ៊ួន បឋម (សាយ) ជាស្ថាបនិកក្នុងការរៀបចំព្រឹត្តការណ៍ Preah Vihear Temple Run ឃុំស្រអែម អង្គភាពប្រចាំទិសប្រាសាទព្រះវិហារ បុគ្គលិកក្រុមហ៊ុនគាំទ្រកម្មវិធី និងស្ថាប័នផ្សេងៗទៀតសរុបជាង ៦០០នាក់។

នៅថ្ងៃទី៧កក្កដា២០២៣ កន្លងទៅនេះ គឺជាជាខួប១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៧កក្កដា២០០៨-០៧កក្កដា២០២៣) ។

ព្រឹត្តិការណ៍ ដែលបានកើតឡើង កាលពីថ្ងៃទី៧កក្កដា២០០៨នោះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជា ទទួលបានប្រាសាទ ដ៏ពិសិដ្ឋមួយនេះក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នោះមក ។

ប្រាសាទព្រះវិហារ គឺជាប្រាសាទ ដ៏ពិសិដ្ឋរបស់កម្ពុជា ដែល ស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក នាកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅ ទីក្រុងកេប៊ិច ប្រទេសកាណាដា។

ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា យើងត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស ទុកជាកេរ្តិ៍តំណែលសម្រាប់កូនខ្មែរគ្រប់ៗជំនាន់ទៅមុខទៀត៕ ដោយ៖ឡុង សំបូរ