ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាំយកថវិកា ៨លានរៀល និងលិខិតរំលែកមរណទុក្ខ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពីរគ្រួសារ នៅក្នុងស្រុកគូលែន

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានគណៈកម្មាការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារសមាគមថ្នាក់ខេត្ត ថ្នាក់ស្រុក រួមទាំងអាជ្ញាធរមូលដ្ឋាន ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដោយបាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ៨លានរៀល និងលិខិតរំលែកមរណទុក្ខពីរច្បាប់ មកប្រគល់ជូនដល់គ្រួសារសពសមាជិកសមាគមពីរគ្រួសារ នៅក្នុងភូមិកោះកេរ ឃុំស្រយង់ និងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពអតីតយុទ្ធជនទាំងពីរគ្រួសារ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក  និងលោកជំទាវ ផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងទៀតថា ក្រុមការងារថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងបាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៨លានរៀល ព្រមទាំងលិខិតរំលែកមរណទុក្ខពីរច្បាប់ ជូនដល់គ្រួសារសព ២គ្រួសារ ដោយ១គ្រួសារទទួលបានថវិកា ៤លានរៀល និងលិខិតរំលែកមរណទុក្ខ១ច្បាប់។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា គ្រួសារសពទាំង ២គ្រួសារ ដែលទទួលបានថវិកា និងលិខិតរំលែកមរណទុក្ខនាពេលនោះ គឺ ១.ឈ្មោះ ចាន់ សារុំ ភេទប្រុស អាយុ៥១ឆ្នាំ មុខសញ្ញានិវត្តជន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលបានទទួលមរណភាព ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ និង ២.ឈ្មោះ ហៀប ហូរ ភេទប្រុស អាយុ៧៩ឆ្នាំ មុខសញ្ញានិវត្តជន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណភាពថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានសម្តែងការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់សមាជិកគ្រួសារ ដែលជាសមាជិកសមាគម ជាមួយក្រុមគ្រួសារនៃសព ព្រោះត្បិតការបាត់បង់លើកនេះ គឺបាត់បង់ជារៀងរហូត មិនអាចវិលត្រឡប់មកវិញបានឡើយ។ ជាមួយនឹងការសម្តែង នូវការសោកស្តាយនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានថ្លែង កោតសរសើរពីគំរូវីរភាពដ៏មុះមុត ​អង់អាចក្លាហាន របស់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដោយបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ចាត់ទុកការហ៊ានធ្វើពលីកម្មរបស់អតីតយុទ្ធជនកម្ពុជា គឺជាគុណបំណាច់ដ៏ធំធេងមិនអាចបំភ្លេចបានឡើយ ព្រោះការធ្វើពលីកម្មនេះ គឺក្នុងស្មារតីស្នេហាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី កសាងបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម ប្រកបដោយសុខុមរមនា រហូតមកទល់សព្វថ្ងៃនេះ៕ដោយ៖ឡុង សំបូរ