អាជ្ញាធរខេត្តស្ទឹងត្រែង បានត្រៀមកម្លាំងជិត៥០០នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅក្នុងដំណើរការបោះឆ្នោត ដែលនឹងឈានចូលមកដល់រយៈពេល ៣ថ្ងៃទៅមុខទៀតនេះ

0

ខេត្តស្ទឹងត្រែង៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣នេះ នឹងត្រូវឈានចូលមកដល់ក្នុងរយៈពេល ៣ថ្ងៃទៅមុខទៀតនេះ បន្ទាប់ពីគណបក្សនយោបាយនានា បានបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតរៀងៗខ្លួន ក្នុងរយៈពេល២០ថ្ងៃនោះមក។

ស្របពេលជាមួយ នឹងថ្ងៃបោះឆ្នោតជិតឈានចូលមកដល់នេះ អាជ្ញាធរខេត្តស្ទឹងត្រែង បានត្រៀមកម្លាំងជិត៥០០នាក់ រួចជាស្រេច ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងថ្ងៃបោះឆ្នោត(២៣កក្កដា២០២៣) ដើម្បីគាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដោយមិនមានការភ័យខ្លាច និងប្រកបដោយជោគជ័យ។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានថ្លែង ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២០កក្កដា២០២៣ នេះថា រដ្ឋបាលខេត្តស្ទឹងត្រែង បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុង និងនៅទីជនបទ ដើម្បីធានាដល់ពួកគាត់ (ប្រជាពលរដ្ឋ) ទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ប្រកបដោយសុខសុវត្ថិភាព និងដោយមិនមានការភ័យខ្លាច។

ស្របពេលដែលថ្ងៃបោះឆ្នោតខិតជិតចូលមកដល់នេះ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំ និងធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងគាំទ្របេក្ខភាព លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន ជឿនលឿន បន្ថែមទៀត។

គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានការិយាល័យបោះឆ្នោតចំនួន ២៤៥ការិយាល័យ និងអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩ម៉ឺន ៧ពាន់ ៤៥២នាក់ និងមានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១០គណបក្ស គឺ គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សហ្វុនស៊ិនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យ និងគណបក្សប្រជាជនកម្ពុជា៕ដោយ៖ឡុង សំបូរ