លោក តន ឆៃ ដឹកនាំសមាជិក សមាជិកាបក្សជិត ១ពាន់នាក់ ដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅក្រោមដំណក់ទឹកភ្លៀង

0

ខេត្តស្ទឹងត្រែង៖ បើទោះបីជាស្ថិតក្រោមដំណក់ទឹកភ្លៀងយ៉ាងណាក្តី ក៏អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកសៀមបូក និងជាប្រធានក្រុមការងារចុះជួយឃុំស្រែក្រសាំង លោក តន ឆៃ បានអញ្ជើញដឹកនាំសមាជិកសមាជិកា ដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២១កក្កដា២០២៣ នេះដែរ ស្ថិតនៅក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ពិធីបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោត ដែលបានធ្វើឡើងនៅថ្ងៃចុងក្រោយនេះ គឺបានធ្វើឡើងក្រោមអធិបតីភាព លោក តន ឆៃ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកសៀមបូក និងជាប្រធានក្រុមការងារចុះជួយឃុំស្រែក្រសាំង និងមានការចូលរួមពី លោក ទៀម អិត ប្រធានគណៈកម្មាធិការគណបក្សឃុំស្រែក្រសាំង ថ្នាក់ដឹកនាំបក្សប្រជាជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសរុបជិត ១ពាន់នាក់។

នៅក្នុងឱកាសនោះ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកសៀមបូក លោក តន ឆៃ បានថ្លែងថា អស់រយៈពេលជាច្រើនអាណត្តិមកហើយ ចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៦ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស និងប្រជាជន ចាកចេញពីគំនរផេះផង់ នៃភ្នក់ភ្លើងសង្គ្រាម ឈានឆ្ពោះទៅរកការអភិវឌ្ឍ កសាងបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានកំណើនសេដ្ឋកិច្ចជាតិ មានរោងចក្រ សហគ្រាស ប្រជាពលរដ្ឋមានការងារធ្វើ ដោយទទួលបានប្រាក់ចំណូលប្រចាំគ្រួសារ មានជីវភាពធូរធាជាលំដាប់។

លោក តន ឆៃ បានថ្លែងទៀតថា ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ រហូតមកដល់គ្រាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកសាងប្រទេស ប្រកបដោយការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ មានទាំងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត បានរីកស្គុះស្គាយ មានប្រព័ន្ធបច្ចេកវិទ្យាទំនើប ប្រព័ន្ធទូរគមនាគម អគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ តាំងពីទីក្រុង រហូតដល់ទីជនបទដាច់ស្រយាល។ លោកថា ប្រទេសកម្ពុជា កសាងបាននូវធនធានមនុស្ស សាលារៀនមានចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា កក្តាទាំងនេះបានជំរុញឲ្យកម្ពុជា បោះជំហានទៅរកភាពជឿនលឿន មិនចាញ់អរិយប្រទេសនៅលើសកលលោកនោះឡើយ។

លោក តន ឆៃ បានថ្លែងប្រាប់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋដែលចូលរួមទាំងអស់ ឲ្យត្រៀមខ្លួន ត្រៀមអត្តសញ្ញាណបណ្ណ និងឯកសារពាក់ព័ន្ធ ដែលអាចបម្រើការងារបោះឆ្នោតបាន ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ បន្ថែមទៀត។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង លោក ហង់ កុង បានប្រាប់ឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តស្ទឹងត្រែង មានគណបក្សនយោបាយចុះបញ្ជីបោះឆ្នោតចំនួន ១០គណបក្ស គឺ គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សហ្វុនស៊ិនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យ និងគណបក្សប្រជាជនកម្ពុជា។

លោក ហង់ កុង បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតមានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១កក្កដា ដល់ថ្ងៃទី២១កក្កដា២០២៣ ក្នុងចំណោមគណបក្សនយោបាយទាំង១០ ដែលបានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលបោះឆ្នោតខេត្តស្ទឹងត្រែង មានគណបក្ស៤ បានដាក់កម្មវិធីឃោសនារបស់ខ្លួន មក គ.ខ.ប ហើយ គ.ខ.ប បានសម្របសម្រួល និងច្របាច់បញ្ចូលគ្នាជាកម្មវិធីរួមសម្រាប់ខេត្ត ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា ។

លោក ហង់ កុង បានបញ្ជាក់ទៀតថា ចំណែក គណបក្ស២ទៀត បានដាក់កម្មវិធីឃោសនា ដោយជូនដំណឹងទៅ គ.ជ.ប អំពីការធ្វើសកម្មភាពឃោសនា ចាក់មេក្រូចល័តទូទាំងប្រទេស គឺ គណបក្សធម្មាធិបតេយ្យ និងគណបក្សស្ត្រីដើម្បីស្រ្តី។ ចំពោះគណបក្សដែលមិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោត មិនមានទីស្នាក់ការ និងមិនមានវត្តមានតំណាង គណបក្សនៅក្នុងខេត្ត គឺ គណបក្សយុវជនកម្ពុជា គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរតែមួយ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។

លោក ហង់ កុង បានបញ្ជាក់ទៀតថា ដំណើរការឃោសនាបោះឆ្នោត ក្នុងរយៈពេល ២១ថ្ងៃកន្លងមក សម្រាប់មណ្ឌលបោះឆ្នោតខេត្តស្ទឹងត្រែង ទាំងមូល ពុំមានបញ្ហាណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះទេ គ្រប់ឃុំ/សង្កាត់ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ គ្មានអំពើហឹង្សា គ្មានការគម្រាមកំហែង និងគ្មានការបំភិតបំភ័យដល់ប្រជាពលរដ្ឋឡើយ។

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានវាយតម្លៃថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់ គណបក្សនយោបាយ ដែលបាននិងកំពុងប្រព្រឹត្តទៅ តែងមានការចូលរួមយ៉ាងយកចិត្តទុកដាក់ សហការបានល្អ រវាងគណបក្សនយោបាយ អាជ្ញាធរមូលដ្ឋាន គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ចូលរួមការពារសន្តិសុខ សុវត្ថិភាព បានយ៉ាងល្អប្រសើរបំផុត៕ដោយ៖ឡុង សំបូរ