ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលសាលាបឋមសិក្សាទក្សិណ ក្រុងកំពង់ចាម

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅការិយាល័យលេខ ០៤៨៦ នៃមណ្ឌលសាលាបឋមសិក្សាទក្សិណ ក្រុងកំពង់ចាម ដោយឡែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ បានអញ្ជើញទៅបោះឆ្នោត នៅការិយាល័យ ០៤៩៤ នៃមណ្ឌលសាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌ ។

បេីតាមលោកស្រី យឹម សុធានី ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មាន១០អសនៈ ដែលមាន ១០ក្រុង/ស្រុក ស្មើនឹង ១០៩ឃុំ/សង្កាត់ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ សរុបចំនួន ៦៥២,៥៤០នាក់ ដែលមានការិយាល័យបោះឆ្នោតសរុបចំនួន ១,៦៨២ការិយាល័យ និងមានចំនួន ១២គណបក្សនយោបាយចូលរួម ។ ចំពោះអ្នកគាំទ្រគណបក្សនយោបាយបានចូលរួមហែរក្បួនឃោសនា អស់រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។

លោកស្រីប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុុងការបោះឆ្នោតនេះដែរ ខេត្តកំពង់ចាម មានអ្នកសង្កេតការណ៍ជាតិ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអន្តរជាតិ ភ្ញៀវពិសេស និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន ៦,៥៤៥នាក់ បានចូលរួមសង្កេតការណ៍តាមដាន និងពិនិត្យដំណើរការបោះឆ្នោតដោយហ្មត់ចត់បំផុត ។

ជាមួយគ្នានោះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ក៏បានធ្វើការអំពាវនាវ ដល់គណបក្សនយោបាយ និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវរក្សាភាពស្ងប់ស្ងាត់ មុនពេល និង ក្រោយថ្ងៃបោះឆ្នោត ដោយកុំប្រើប្រាស់នូវគ្រឿងស្រវឹង និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ផងដែរ ៕