ខេត្តកែប៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយថ្នាក់ដឹកនាំខេត្តកែបដទៃទៀតបានចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅតាមបណ្តាការិយាល័យបោះឆ្នោតនីមួយៗ។
មានប្រសាសន៍នាព្រឹកថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល ខេត្តកែប មានប្រសាសន៍ថា រយៈពេលមួយព្រឹកនេះពលរដ្ឋនៅខេត្តកែប បាននាំគ្នាចេញ មកបោះឆ្នោត តាំងពីការិយាល័យមិនទាន់បើកដំណើការ ក្នុងទឹកមុខញញឹមញញែម ប្រកបដោយឆន្ទៈ ជាមួយ ស្មារតី ខ្ពស់ ក្នុងការបោះឆ្នោតជ្រើសគណបក្សនយោបាយ ដែលខ្លួនពេញចិត្តដោយគ្មានការបង្ខិតបង្ខំ។
ស្របពេលអាកាសធាតុអំណោយផលល្អនាព្រឹកនៃថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខេត្តកែបបានចេញមកចូលរួមបោះឆ្នោតផុសផុល។ អភិបាលខេត្តកែប វាយ តម្លៃបឋមថា ស្ថាពភាពទូទៅនាព្រឹកនេះ ដំណើរការទៅបានយ៉ាងរលូន និងសណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ។
តាមរបាយការណ៍របស់លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប បានបញ្ជាក់ថា គណៈកម្មការការិយាល័យបោះឆ្នោតទាំង៦៩ការិយាល័យ ទូទាំងខេត្តកែប បានបើកដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីម៉ោង៧ព្រឹក ដោយរលូន។
របាយការណ៍បញ្ជាក់ថា ស្ថិតិប្រជាពលរដ្ឋអញ្ជើញមកបោះឆ្នោត គិតត្រឹមម៉ោង១១:០០នាទីព្រឹកនេះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី គ.ជ.ប សរុប ២៨.១៩៨នាក់ ក្នុងមានពលរដ្ឋដែលបានចេញមកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានចំនួន ២០.២៩២នាក់ គិតជាភាគរយមានចំនួន៧១%ហើយ៕ សេង ណារិទ្ធ