ខេត្តព្រះវិហារ៖ ថ្នាក់ដឹកនាំនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២៦កក្កដាម្សិលមិញ បាននាំយកកូនឈើប្រណីត ៧០០ដើម មានដូចជា ក្រញូង ធ្នង់ បេង និងត្របែកព្រៃ ដែលជាប្រភេទឈើងាយរងការគំរាមកំហែង និងជាឈើលម្អ ត្រូវបានដាំនៅតំបន់អភិរក្ស នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។
ការដាំកូនឈើប្រណីតទាំង ៧០០ដើមនោះ ក៏មានការចូលរួមពី លោក ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក លោក ឈាង ពិសាល និងសិស្សានុសិស្ស សរុបប្រមាណ ៥០នាក់ ផងដែរ។
អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោក ឃូ អៀងហួត ត្រូវបានគេដកស្រង់សម្តីឲ្យដឹងថា ការដាំកូនឈើនៅក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារ នាពេលនេះ គឺដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្ស ក្នុងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ឲ្យចេះស្រឡាញ់ធម្មជាតិ និងវប្បធម៌ ព្រមទាំងចូលរួមចំណែក ក្នុងការថែរក្សាធនធានព្រៃឈើ ឲ្យបានគង់វង្សផងដែរ។
លោក ឃូ អៀងហួត បានលើកឡើងថា អាជ្ញាធរជាតិព្រះវិហារ តែងតែយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព្រៃឈើ និងដាំស្តារឡើងវិញ ដោយបច្ចុប្បន្ន មានកូនឈើជាង ៧ម៉ឺន ៨ពាន់ដើម ដែលមាន ៣៥ប្រភេទ ត្រូវបានដាំស្តារឡើងវិញនៅក្នុងតំបន់អភរក្ស នៃរមណីដ្ឋានប្រាសាទព្រះវិហារ។
លោក ឃូ អៀងហួត បានបន្តថា ព្រៃឈើពិតជាមានសារៈសំខាន់ណាស់ ដែលបម្រើដល់ប្រយោជន៍ និងតម្លៃជាច្រើន ក្នុងនោះ អាចជួយទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ហើយការចូលរួមការពារ និងស្តារព្រៃឈើឡើងវិញ គឺជារឿងចាំបាច់បំផុតសម្រាប់មនុស្សម្នាក់ៗ។
ដោយឡែក អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក លោក ឈាង ពិសាល បានលើកឡើងថា ការដាំស្តារព្រៃឈើរេចរឹល ក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារនេះ ទាមទារឱ្យមានការចូលរួមពីមនុស្សគ្រប់រូប ជាពិសេស ការចូលរួមដាំពីសិស្សានុសិស្ស ក៏បង្ហាញឱ្យឃើញពីការចូលរួមចំណែកការពារ ថែរក្សាធនធានធម្មជាតិ ដើម្បីលើកកម្ពស់តម្លៃលេចធ្លោរបស់ប្រាសាទព្រះវិហារផង និងលើកកម្ពស់ជីវៈចម្រុះផងដែរ៕ដោយ៖ឡុង សំបូរ