មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បំពាក់ឋានន្តរសក្តិដល់យោធិនជាង ៤០នាក់ ដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងការពារជាតិ

0

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកវរសេនីយ៍ឯក តន ឆៃ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិដល់នាយទាហានរងចំនួន ៤៥នាក់ ដើម្បីលើកទឹកចិត្តដល់ការខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងកិច្ចការងារការពារជាតិ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

ពិធីបំពាក់ឋានន្តរសក្តិ ដល់នាយទាហានរងទាំង ៤៥នាក់ ចាប់ពីថ្នាក់ពលបាលត្រី ដល់ពលបាលឯក នាពេលនោះ ក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការរង-នាយសេនាធិការ នាយសេនាធិការរងខេត្ត មេបញ្ជាការវរសេនាតូចទាំង២ និងមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុកទាំង៦ ចំណុះបញ្ជាការការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១ ស្ទឹងត្រែង ផងដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកវរសេនីយ៍ឯក តន ឆៃ បានថ្លែងអំណរគុណ ចំពោះមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហួត ឈាង ដែលមានទំនុកចិត្តផ្តល់ នូវការតម្លើងឋានន្តរសក្តិ ចំពោះយោធិនថ្នាក់នាយទាហានរងចំនួន ៤៣រូប របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១។

លោកវរសេនីយ៍ឯក តន ឆៃ បានថ្លែង ក្រើនរំលឹក ដល់យោធិនដែលជានាយទាហានរង ដែលទើបទទួលបានការតម្លើងឋានន្តរសក្តិទាំអស់ ត្រូវខិតខំបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ឲ្យទទួលបានជោគជ័យ ស្របតាមលក្ខន្តិកៈ និងបទបញ្ជារបស់ កងយោធពលខេមរភូមិន្ទ ត្រូវខិតខំពង្រឹងសន្តិសុខ និងក្តាប់សភាពការណ៍ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ឲ្យបានកាន់តែល្អប្រសើរថែមទៀត និងត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ទាំងកម្លាំង មធ្យោយបាយ និងសម្ភារៈ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ចេញពីគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិនានាទៀត ក្រែងកើតឡើងជាយថាហេតុណាមួយ។

លោកវរសេនីយ៍ឯក តន ឆៃ បានដាក់ចេញ នូវបទបញ្ជាដល់យោធិនទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ត្រូវការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយសេរី ត្រូវត្រូវ យុត្តិធម៌ និងគោរពឲ្យបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់លើ ដែលបានប្រគល់ជូន ឲ្យមានប្រសិទ្ធភាព។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១ បានធ្វើពិធីតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហានចំនួន ១៧រូប រួចមកហើយ ដែលក្នុងនោះ ថ្នាក់អនុសេនីយ៍ឯក ១០រូប ថ្នាក់អនុសេនីយ៍ទោ ៣រូប ថ្នាក់អនុសេនីយ៍ត្រី ១រូប និងថ្នាក់នាយចំណង់ ៣រូប៕ដោយ៖ឡុង សំបូរ