ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក មាស សុភា បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន និងអង្គភាពជុំវិញខេត្តព្រះវិហារ នាំយកទេយ្យទាន និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃចំនួន ៧វត្ត ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមា នៅក្នុងវត្ត«ប្រាសាទគោកបេង» នាថ្ងៃទី១៤សីហា២០២៣នេះ ស្ថិតនៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគេនព្រះសង្ឃ យាយជី តាជី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបាននិមន្ត និងចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សានាពេលនេះ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា ការនាំយកទេយ្យទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា មកប្រគេនព្រះសង្ឃនៅពេលនេះ គឺដោយសារតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ថា ប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ទើបមានការអភិវឌ្ឍន៍រីកចម្រើន ចាប់តាំងពីរាជធានី-ខេត្ត-ក្រុង-ស្រុក រហូតដល់ឃុំ-ភូមិ មានទាំងរោងចក្រ សហគ្រាស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ទឹក ភ្លើង ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ កត្តាទាំងនេះបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេស តាំងពីបាទដៃទទេ រហូតមកដល់សព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានសម្តែងការអរគុណ ចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោត ជួនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានសម្លេងឈ្នះលើសលុប ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការគាំទ្របន្ថែមទៀត ដើម្បីប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ និងមានការអភិវឌ្ឍន៍បន្តទៅមុខ ក្រោមម្លប់នៃសុខសន្តិភាពជារៀងរហូត៕ដោយ៖ឡុង សំបូរ