ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋប្រមាណ ៣៦០គ្រួសារ នឹងទទួលបានបណ្ណកម្មសិទ្ធិដីធ្លីដោយស្របច្បាប់ ពីរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តព្រះវិហារ បន្ទាប់ពីមានការកាត់ឈ្វៀល និងប្រកាសកំណត់តំបន់សម្រាប់ធ្វើការវិនិច្ច័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាលពីថ្ងៃទី១៨សីហា២០២៣នោះមក និងបន្ទាប់ពីផ្ទៃដីជាង ៣០០ហិចតានៅតំបន់កូនភ្នំនោះ បានរងនូវការទំនាស់ដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ កន្លងមកហើយនេះ។
អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី នៅល្ងាចថ្ងៃទី១៨សីហា២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងបើកយុទ្ធនាការ ចុះវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋប្រមាណ ៣៦០គ្រួសារ នៅតំបន់កូនភ្នំ ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោក អ៊ុង វុទ្ធី បានថ្លែងថា ភូមិភារកិច្ចកណ្ដាលនេះ កាលពីដើមស្ថិតនៅក្នុងគម្រោងគម្របព្រៃឈើ របស់រដ្ឋបាលព្រៃឈើគ្រប់គ្រង តែមកដល់ពេលនេះ ប្រជាពលរដ្ឋបានរស់នៅអាស្រ័យផលជាច្រើនគ្រួសារ ទើបរដ្ឋបាលខេត្តបានស្នើសុំរាជរដ្ឋាភិបាល និងបានទទួលការអនុញ្ញាត ដើម្បីកាត់ឈ្វៀលដីចេញពីគម្រោងដីព្រៃរបស់រដ្ឋ និងធ្វើការវាស់វែងចេញប័ណ្ឌកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កូនភ្នំ ក្នុងភូមិភារកិច្ចនេះ។
លោកអភិបាលរងខេត្តព្រះវិហារ ក៏បានសម្ដែងនូវការអបអរសាទរជាមួយប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលដែលបានសម្រេចក្នុងការកាត់ឈ្វៀលដី ជូនដល់ប្រជាពលរដ្ឋនាពេលនេះ តាមការស្នើរសុំរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
លោក អ៊ុង វុទ្ធី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចុះកំណត់ និងដាក់ព្រំដីឲ្យបានច្បាស់លាស់ និងសហការជាមួយក្រុមការងារវាស់វែងដីធ្លី ដើម្បីងាយស្រួលក្នុងការចុះវាស់វែង ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវចេះយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដែលមានព្រំដីជាប់គ្នា ដើម្បីកុំឲ្យមានបញ្ហាក្នុងការវាស់វែង ពោលព្រំដីមានបញ្ហា គឺក្រុមការងារមិនអាចវាស់វែង ជូនបងប្អូនបានឡើយ។
តំណាងប្រជាពលរដ្ឋរស់នៅតំបន់កូនភ្នំ លោកស្រី ស៊ឹម ចរិយា បានឡើងធ្វើចំណាប់អារម្មណ៍ ដោយសម្តែងការត្រេកអរយ៉ាងក្រៃលែងដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចកាត់ឈ្វៀលដីចេញពីការគ្រប់គ្រងរបស់រដ្ឋ និងចេញបណ្ណកម្មសិទ្ធិស្របច្បាប់ ជូនដល់ពួកគាត់ក្នុងពេលនេះ។
ប្រជាពលរដ្ឋរស់នៅភូមិភារកិច្ច បានសម្តែងការអរគុណជាពន្លឹកចំពោះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ជួយដល់ពួកគាត់ដែលរស់នៅតំបន់កូនភ្នំនេះផ្ទាល់ ឲ្យទទួលបានសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីធ្លី ដោយស្របច្បាប់៕ដោយ៖ឡុង សំបូរ