ខេត្តព្រះវិហារ៖ នាយទាហានដែលមានស្នាដៃឆ្នើម ក្នុងការបម្រើជាតិ មាតុភូមិ និងការអនុវត្តតួនាទី ភារកិច្ច តាមបទបញ្ជាថ្នាក់ដឹកនាំបានល្អប្រសើរជាច្រើនរូប ទទួលបានការលើកទឹកចិត្ត និងបំពាក់គ្រឿងឥស្សរិយយស ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា កាលពីថ្ងៃទី២៣សីហា២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
ពិធីបំពាក់គ្រឿងឥស្សរិយយស ដល់នាយទាហានឆ្នើមទាំងនោះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ នៅក្នុងឆមាសទី១ និងលើកទិសដៅអនុវត្តបន្ដ សម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ដោយមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ-នាយផ្នែក មេបញ្ជាការស្រុក-ក្រុងទាំង៨ មេបញ្ជាការកងអនុសេនាធំ និងអង្គភាពចំណុះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ផងដែរ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែង កោតសរសើរ ដល់បណ្ដាអង្គភាពចំណុះទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក និងនៅចំពោះមុខនេះ ត្រូវយកចិត្ដទុកដាក់ខិតខំរួមគ្នាបន្ថែមទៀត លើការងារអតីតយុទ្ធជននៅតាមមូលដ្ឋាន ដែលទទួលខុសត្រូវដោយអង្គភាពនីមួយៗ ។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានដាក់បទបញ្ជារដល់បណ្តាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលឈរជើងនៅជាប់តាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងគោលជំហរ ស្មារតីឲ្យបានម៉ឺងម៉ាត់ ត្រូវម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឲ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារឲ្យបាននូវបូរណភាពដឹកដី និងទប់ស្កាត់ឲ្យបាននូវរាល់បទល្មើសឆ្លងដែនផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន ឲ្យខាងតែបានដាច់ខាត៕ដោយ៖ឡុង សំបូរ