ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ក្រើនរំលឹកមន្ត្រីក្រោមឱវាទ បង្កើនការផលិតព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់

0

ខេត្តព្រះវិហារ៖ ការថ្លែងក្រើនរំលឹករបស់ ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានធ្វើឡើងក្នុងគ្រាដែលលោកស្រីប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហាឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តន៍បន្ដសម្រាប់ខែកញ្ញា ឆ្នាំ២០២៣​ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ ។

ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី​ បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរ​ និងមន្រ្តីការិយាល័យទាំង៥​ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ តាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ រហូតទទួលបានការកោតសរសើរ ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា​ ពិសេស ពីសំណាក់ថ្នាក់ដឹកនាំខេត្ត។

លោកស្រី ហែម​ សុគុណពិសី បានថ្លែង ជំរុញដល់មន្ត្រីជំនាញទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន ក្នុងវិស័យព័ត៌មានឲ្យបានកាន់តែប្រសើរជាងនេះថែមទៀត ត្រូវពង្រឹងសហការ និងទំនាក់ទំនងគ្នាឲ្យបានល្អ ក្នុងការផលិតព័ត៌មាន​ ជាពិសេសត្រូវរកដំណោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលកើតឡើងនៅរាល់សកម្មភាពទាំងឡាយ ក្នុងពេលចុះបំពេញការងារ។

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត បានថ្លែង ក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តន៍ការងារ​ តួនាទី ភារកិច្ច ​ត្រូវមានសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ ត្រូវគោរពវិន័យការងារ លក្ខខណ្ឌការងារ ដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យសក្តិសមជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត៕ដោយ៖ឡុង សំបូរ