អភិបាលខេត្តព្រះវិហារ ជំរុញឲ្យបង្កើនយន្តការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសំណូមពរប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវចេះវាយបកព័ត៌មានក្លែងក្លាយ

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ជំរុញ ដាស់តឿនរបស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ខណៈដែលលោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារផ្សព្វផ្សាយបណ្ដាញសង្គម KSM2 នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនទៀត នៅសាលាខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា ដើម្បីតាមដាន ការជំរុញយន្តការប្រមូលព័ត៌មាន និងការឆ្លើយតបឲ្យទាន់ពេលវេលា ជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយលេខទូរស័ព្ទទាន់ហេតុការណ៍ (៤៣៣៣) ផេកហ្វេសបុកផ្លូវការរបស់ខេត្ត (រដ្ឋបាលខេត្តព្រះវិហារ) និងលេខតេឡេក្រាមរបស់រដ្ឋបាលខេត្ត (០១៧ ៤៣៣ ៤៣៣) ដើម្បីងាយស្រួលក្នុងការទទួលពាក្យបណ្តឹង និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ ទាំងមូល ។

លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា នៅលើបណ្តាញផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ មានព័ត៌មានក្លែងក្លាយមួយចំនួន កំពុងបំភ័ន្តមតិសាធារណជន ឲ្យបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍប្រទេស ដែលជាការខិតខំប្រឹងប្រែងដោយលំបាករបស់ រាជរដ្ឋាភិបាលកម្ពុជា ។

លោកអភិបាលខេត្ត បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក ត្រូវបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួន ក្នុងការប្រើប្រាស់បណ្ដាញសង្គមនានា រួមមាន៖ ហ្វេសប៊ុក តេឡេក្រាម និងតិកតុកជាដើម ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលនានារបស់ខេត្ត ក៏ដូចជាសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល ផងដែរ។

លោកអភិបាលខេត្តព្រះវិហារ បានបន្តជំរុញឲ្យបង្កើនសមត្ថភាពបន្ថែម ដើម្បីចេះប្រើប្រាស់មធ្យោបាយពី បណ្ដាញសង្គមទាំងនោះ ក្នុងវាយបក ឬ បកស្រាយបំភ្លឺសាធារណៈមតិ នូវរាល់ព័ត៌មានញុះញង់ បំផុសបំផុល ឬ បំភ្លៃការពិតឲ្យបានទាន់ពេលវេលា ៕ដោយ៖ឡុង សំបូរ