(កំពង់ធំ)÷ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមន្ត្រីរាជការនៅសាលាខេត្តកំពង់ធំ បានចូលរួមប្រារព្ធពីធីអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅបរិវេណសាលាខេត្តកំពង់ធំ។
ដោយគោរពអនអនុវតតាមសេចក្ដីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅវេលាម៉ោង៧:០០ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ បានប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងសម័យប្រជុំលើកទី ៤៥ នៅឯទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត តាមសំណើបស់រាជរដ្ឋាភិបាលកម្ពុជា។សារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនជនរួមជាតិកម្ពុជា អំពីមហាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ជាតិយើងនៅលេីឆាកអន្តរជាតិដែលត្រូវបានអង្គការយូនីស្កូ សម្រេចដាក់បញ្ចូលរម្មណីដ្ឋាន ប្រាសាទកោះកេរ នៅពេលនេះ ដែលនេះជាការកើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរភាព ក្រោមម្លប់នៃសុខសន្តិភាព និងសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
នៅក្នុងឱកាសនេះដែរ នៅវេលាម៉ោង៧:០០នាទីព្រឹក ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានវាយជួង ទូងស្គរ គ្រវីទង់ជាតិ និងស្រែកជ័យឃោស ដើម្បីអបអរសាទរយ៉ាងមហោឡារិក ចំពោះជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពេលនេះផងដែរ ។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការនៅសាលាខេត្តកំពង់ធំ បានប្តជ្ញាចិត្តដាច់ខាតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រថែថែរក្សាឱ្យបាននូវសុខសន្តិភាព និងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
*សរសេរអត្ថបទរដោយលោក ធូ កែវមុន្នី