ក្លិប Bolton Wanderers បានតែងតាំងអតីតគ្រូបង្វឹករបស់ក្លិប Celtic គឺលោក Neil Lennon ឲ្យក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប ។
បុរសវ័យ៤៣ឆ្នាំរូបនេះនឹងត្រូវទទួលភារកិច្ចដឹកនាំក្រុមបាតតារាងក្របខណ្ឌ Championship ក្រោយពេលលោកបានចាកចេញពី Celtic រយៈពេល៥
ឆ្នាំដែលលោកធ្លាប់ជួយឲ្យ Celtic ឈ្នះជើងឯក លីកស្កុតឡែនចំនួន៣លើកក្នុងរយៈពេលត្រឹម៤ឆ្នាំប៉ុណ្ណោះ ។
លោក Lennon នឹងត្រូវជំនួសតំណែងរបស់លោក Dougie Freedman បន្ទាប់ពីបុរសម្នាក់នេះ ដឹកនាំ Bolton ឈ្នះបានតែ១ប្រកួតប៉ុណ្ណោះក្នុងការប្រកួត១០លើកនៅក្នុងលីក ។
ក្លិប Bolton បានបង្ហោះលើគេហទំព័ររបស់ខ្លួនថា “ក្លិបបានជ្រើសតាំងលោក Neil Lennon ឲ្យក្លាយជាអ្នកចាត់ការថ្មីហើយមានក្តីសង្ឃឹមថា រូបគេនឹងដឹកនាំក្លិបនេះឲ្យល្អប្រសើឡើងវិញ” ។
គួរបញ្ជាក់ថា បុរសសញ្ជាតិអៀរឡង់រូបនេះនឹងត្រូវដឹកនាំក្លិបជាលើកដំបូងក្នុងការប្រកួតជាមួយ Birmingham City នៅថ្ងៃសៅរ៍នេះ ៕