ក្លិបមហាសេដ្ឋី Paris Saint-Germain ត្រូវបានគេជឿជាក់ថា នឹងយល់ព្រមឲ្យកីឡាករ Edinson Cavani ផ្លាស់ចេញពីក្លិបនៅពេលទីផ្សារដោះដូរកីឡាករបើកទ្វានាខែមករាខាងមុខនេះ ។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះបានផ្លាស់មក PSG ក្រោយពេលចាកចេញពី Napoli
ក្នុងឆ្នាំ ២០១៣ ហើយស៊ុតបញ្ចូលទី២៩គ្រាប់ក្នុងការបង្ហាញខ្លួន៥១លើកឲ្យ PSG ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះត្រូវបានគេដឹងយ៉ាងច្បាស់ថា គឺមិនពេញចិត្តនឹង ជីវិតនៅក្នុងប្រទេសបារាំងនោះទេ ហើយគោលដៅដ៏ធំរបស់គេគឺផ្លាស់ទៅលេងក្នុងក្របខណ្ឌអង់គ្លេស Premier League ។
ជាមួយគ្នានោះ សារព័ត៌មាន Daily Express បានចុះផ្សាយថា ក្លិបតែ២គត់នៅអង់គ្លេសដែលអាចនឹងនាំយក Cavani គឺកាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool ។
គួរបញ្ជាក់ថា នៅក្នុងរដូវកាលថ្មីនេះ Cavani ស៊ុតបញ្ចូលទីបាន៨គ្រាប់រួចមកហើយសម្រាប់ការប្រកួត ចំនួន៤លើក ៕