លោកជំទាវ លំ គន្ធារី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥(០២ ធ្នូ ១៩៧៨-០២ធ្នូ ២០២៣) ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

0

កំពង់ធំ÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តឯកឧត្តម ប្លុង ពុទ្ឋកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម នូ ចាន់ដេត សមាជិកក្រុមប្រឹក្សាខេត្ត ព្រះចៅអធិការវត្តស្លែង ហួរ ចាន់ហេន លោកស្រីអភិបាលរងស្រុក និងក្រុមការងារថ្នាក់ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥(០២ ធ្នូ ១៩៧៨-០២ធ្នូ ២០២៣) ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្ថិតនៅឃុំក្តីដូង ស្រុកកំពុងស្វាយខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី  បានមានប្រសាសន៍ថា អស់រយៈពេល ៤៥ឆ្នាំកន្លងផុតទៅ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាអគ្គស្ថាបនិក រណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលប្រើអស់កម្លាំងកាយចិត្ត ដើម្បីប្រមូលផ្តុំអ្នកស្នេហាជាតិប្រយុទ្ធនឹងបនប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់មិនឱ្យបនប្រល័យពូជសាសន៍ប៉ុលពត នេះត្រឡប់មកវិញ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំទាំងអស់ប្រកបនូវកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជាជនកម្ពុជាតរៀងទៅ។

លោកជំទាវអភិបាលរងខេត្ត បានបន្ថែមទៀតថាការដាក់ចេញនូវមាគ៌ានយោបាយ យុទ្ធសាស្ត្រ និងយុទ្ធវិធីសម្រាប់ការដឹកនាំបានត្រឹមត្រូវ គឺជាកត្តា ចម្បងក្នុងការសម្រេចបាននូវជ័យជម្នះនានា ជូនប្រទេសជាតិ។  រយៈពេល៤៥ឆ្នាំមកនេះ អង្គការចាត់តាំងយើងបានដឹកនាំប្រទេស ប្រកបដោយជោគជ័យ តាមមាគ៌ាមួយដ៏ត្រឹមត្រូវ ដោយឈរលើមូលដ្ឋានឯករាជ្យ ហើយមានលក្ខណៈប្រាកដនិយម ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របទៅនឹងការវិវត្តនៃសភាពការណ៍ជាតិ និងអន្តរជាតិ។ បានផ្សារភ្ជាប់ ជាមួយប្រជាជន ស្តាប់មតិយោបល់របស់ប្រជាជន ចេះស្វ័យត្រួតពិនិត្យខ្លួនជាប្រចាំ និងហ៊ានកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តអប់រំ បំផុសចលនាបញ្ញាការយល់ដឹងអំពីគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ឱ្យជ្រួតជ្រាបទូលំទូលាយក្នុងសង្គម និងការប្រមូលផ្តុំកម្លាំងមហាជន ពីគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយទាំងនោះ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេស ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។ អត្ថបទលោក ធូ កែវមុន្នី