កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នេីដល់មន្ទីរអប់រំយុវជន និងកីឡា ឱ្យជម្រុញដល់គ្រប់សាលារៀន ធ្វើយ៉ាងណាត្រូវបង្ហាត់បង្រៀនឱ្យសិស្សានុសិស្ស បានយល់ដឹង អំពីវិធីបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះជនរងគ្រោះដោយអគ្គីភ័យផងដែរ ថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិ
បង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ នៅព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រស់ ឃុំរអាង ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវមានស្មារតប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូមរួម បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ព្រោះការងារបង្ការទប់ស្កាត់គ្រោះអគ្គីភ័យមិនមែនជាកាតព្វកិច្ច របស់នណាម្នាក់នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់យេីងទាំងអស់គ្នា ដូច្នេះនៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរតែមានឧបករណ៍បង្ការ ពន្លត់អគ្គីភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈសាមញ្ញៗ មានដូចជាភួយ ខ្សាច់ មានទឹកបំរុងទុកពេញពាង បេីមានទុយយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមបាញ់ទឹកកាន់តែប្រសើរ សម្រាប់ពេលដែលមានភ្លេីងឆេះគ្រាដំបូង។ 
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ឱ្យមានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើង ចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម ។ ជាពិសេសត្រូវពិនិត្យមេីលប្រព័ន្ធបច្ចេកទេស ខ្សែបណ្តាញអគ្គិសនីផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានធ្វេីសេចក្តីរាយការណ៍ អំពីសភាពការណ៍គ្រោះអគ្គីភ័យ ដែលកើតមានឡើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៣កន្លងទៅ មានរហូតដល់ទៅ ២៧លើក បណ្តាលឱ្យឆេះផ្ទះអស់ ២៥ខ្នង ស្លាប់មនុស្ស ៣នាក់ របួស ៥នាក់ និងខូចខាតជាទឹកប្រាក់សរុបចំនួន ៣៨៣,៤០០,០០០ រៀល (បីរយប៉ែតសិបបីលាន បួនរយពាន់រៀលគត់)។ បើធៀបក្នុងឆ្នាំ២០២២ មានការថយ ចុះ២លើក ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីនេះក៏មានការបង្ហាញពីសកម្មភាពជួយ អន្តរាគមន៍ពន្លត់អគ្គីភ័យមានលក្ខណៈសាមញ្ញៗ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បាលប្រភេទពន្លត់អគ្គីភ័យ បំពង់ពន្លត់អគ្គីភ័យ ដែលជាវិធីសាស្ត្រសង្គ្រោះបឋម ក្នុងពេលមានគ្រោះអគ្គីភ័យ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យកេីតឡេីងផងដែរ ៕







































