ត្បូងឃ្មុំ: អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំដល់ អភិបាលក្រុង ស្រុកទាំង ៧ កងកម្លាំងមានសមត្ថកិច្ច ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការគ្នាបញ្ឈប់ឱ្យខាងតែបាន នូវល្បែងស៊ីសងគ្រប់ប្រភេទ ឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់
គ្រប់ប្រភេទ ត្រូវចាត់វិធានការចាប់ និងបិទឱ្យអស់ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំទាំងមូល ថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ និងគ្មានការអនុញ្ញាតគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ លើកឡើងថា ការងារនេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធានាបានសុខសន្តិភាព ការអភិវឌ្ឍន៍ និងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានការរីកចម្រើន ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានជំរុញដល់ ស្នងការនគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក ទាំង ៧ ត្រូវចូលរួមអនុវត្តទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់នូវការអនុញ្ញាតបើកទីតាំងថ្មី នៃអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់នានា និងបទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ហាមពាក់ព័ន្ធ ហាមអន្តរាគមន៍ ជាដាច់ខាត ព្រមទាំងចាត់វិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា កម្លាំងប៉ូលីស ចរាចរណ៍ ត្រូវពង្រឹងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងខេត្ត ដោយមានការពិនិត្យជាតិអាល់កុល គ្រឿងញៀន និងយានយន្តកែច្នៃខុសលក្ខណ:បច្ចេកទេសគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងគ្មានការលើកលែងដាច់ខាត។ ទន្ទឹមនោះ លោកនាយករដ្ឋបាល ត្រូវយកចិត្តទុកដាក់រៀបចំអនុវត្តការធ្វើតេស្ត រកសារធាតុញៀនសម្រាប់មន្រ្តីរាជការទូទាំងខេត្ត ក្នុងករណីរកឃើញថាមានសារធាតុញៀនត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ អោយបានដាច់ខាតដោយគ្មានការលើកលែងឡេីយ ៕






































