កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងាររបស់សាលាបឋមសិក្សានៅក្នុងស្រុកស្ទោង នាឆ្នាំសិក្សា២០២២ -២០២៣ កន្លងទៅ។
ថ្លែងទៅកាន់លោកនាយក នាយិកា និងលោកគ្រូអ្នកគ្រូ ព្រមទាំងសហការីនៅក្នុងឱកាសនេះ លោកបានលើកឡើងថា សាលារៀនខ្លាំងនិងរីកចម្រើនទៅបានអាស្រ័យលោក នាយក នាយិការសាលារៀនខ្លាំង គឺក្នុងនាមជាអ្នកគ្រប់គ្រងដឹកនាំអង្គភាពមួយត្រូវតែមានភាពប៉ិនប្រសព្វ ឆ្លៀសវៃ មានទំនួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុងបានល្អ និងកិច្ចសហការគ្នាខ្ពស់ មានផែនការមេ គ្រប់គ្រងដឹកនាំច្បាស់លាស់ ផែនការអភិវឌ្ឍត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពជាប្រចាំឆ្នាំ ហ៊ានទទួលខុសត្រូវ និងហ៊ានទទួលយកការពិត ។ ចេះឆ្លុះបញ្ចាំង ស្វ័យវាយតម្លៃការអនុវត្តការងាររបស់ខ្លួនកន្លងមក និងខិតខំបំពេញបន្ថែមរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសបំផុតគឺត្រូវមានឥរិយាបថល្អគ្រប់ស្ថានភាព ការបំពេញ អនុវត្តការងារដែលជាគំរូល្អសម្រាប់សិស្សានុសិស្សនិងមហាជនផងដែរ។
លើសពីនេះលោកនាយក នាយិកា លោកគ្រូអ្នកគ្រូ ត្រូវអនុវត្តតួនាទី/ភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ គឺការគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ត្រូវខិតខំកៀរគរមូលធន ពីសប្បុរសជនជិតឆ្ងាយ និងដៃគូអភិវឌ្ឍនានា ដើម្បីបន្ថែមជាមួយថវិកាដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ជួយអភិវឌ្ឍសាលារៀន គ្រប់គ្រង ការប្រើប្រាស់ថវិកាប្រកបដោយ គណនេយ្យភាព និងតម្លាភាពបំផុត ទទួលបានទំនុកចិត្តពីសហគមន៍ និងសាលារៀនមានការអភិវឌ្ឍជាលំដាប់។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានបន្ថែមថាក្នុងនាមជាអ្នកអប់រំ ជាគ្រូបង្រៀន ជាអ្នកដឹកនាំអង្គភាព ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ប្រកាសគាំទ្រពេញទំហឹងនូវការដាក់ចេញរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលក្នុងការធ្វើតេស្តអ្នករាជការ និងបណ្ដេញចេញពីស្ថាប័នក្រសួង ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនិងគ្រឿងញៀន ឆ្នាំក្រោយប្រសិនបើមានរើសគ្រូកិច្ចសន្យាលោកនឹងត្រូវឲ្យធ្វើតេស្តគ្រឿងញៀន លើបេក្ខជនជាមុនដើម្បីគុណភាព ប្រសិទ្ធភាពការងារ និងលុបបំបាត់គ្រឿងញៀនពីក្នុងមូលដ្ឋានឲ្យខាងតែបាន។
គួរបញ្ជាក់ផងដែរថា ការធ្លុះបញ្ចាំងនៅពេលនេះគឺមានការអញ្ជើញចូលរួម របស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ប្រមាណ៦១៩នាក់ ផ្អែកទៅលើសាលារៀនចំនួន៨០លើ៨៣សាលាបឋមសិក្សានៅក្នុងស្រុកស្ទោង៕ អត្ថបទលោក ឆុន ឆេងក្រឹម







































