ឯកឧត្តម សុក ហៃ បានដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា 

0

(កំពង់ធំ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ , ឯកឧត្តម សុក ហៃ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្ស ប្រធានក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខតំណែង របស់គណបក្សប្រជាជនកម្ពុជាក្នុងក្រុងស្ទឹងសែន និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ខាងមុខនេះ។

ថ្លែងនៅក្នុងអង្គពិធីនេះ ឯកឧត្តម សុក ហៃ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ សុខភាព របស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នេះ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងជាអង្គបោះឆ្នោត ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយខិតខំសាមគ្គីភាព ឯកភាពគ្នាឲ្យបានរឹងមាំ ជុំវិញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងទប់ស្កាត់រាល់កម្មភាពដែលប៉ុនប៉ង បំបែកបំបាក់ផ្ទៃក្នុងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សយើង ដើម្បីត្រៀមយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្តទៀតថា ដើម្បីយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ខាងមុខនេះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងទាំងអស់ត្រូវមានសុខភាពល្អ ត្រូវចេះបោះឆ្នោត និងចេះគូសសញ្ញាគាំទ្រគណបក្ស ស្គាល់លេខរៀងក្នុងសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ទាំងបោះឆ្នោតគាំទ្រក្រុមប្រឹក្សាក្រុង/ស្រុក និងបោះឆ្នោតជ្រើសគាំទ្រក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។ 

ជាចុងក្រោយឯកឧត្តម សុក ហៃ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្ស ប្រធានក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត បានជំរុញលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែង ដែលជាអង្គបោះឆ្នោតទាំង អស់ត្រូវត្រៀមខ្លួនដើម្បីទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តម បានអំពាវនាវ ជំរុញការផ្សព្វផ្សាយគាំទ្រពេញទំហឹង ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើនកាន់តែខ្លាំងក្លា ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។ អត្ថបទលោក ធូ កែវមុន្នី