ឧបនាយករដ្ឋមន្ត្រី​ នេត សាវឿន ​ជួបសំណេះសំណាល​ជាមួយអង្គបោះឆ្នោត ដើម្បីប្រកាសបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤​ នៅ​ខេត្តកំពង់ចាម​

0

កំពង់ចាម​:​ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អង្គ​បោះឆ្នោត​ ​ដើម្បី​ប្រកាសសមាសភាពបេក្ខជសឈរឈ្មោះបោះឆ្នោតជ្រើសរើស​ សមាជិកក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក អាណត្តិទី៤ ។

ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ ដោយមានការចូលរួមជាអធិបតីដោយ​ឯកឧត្ដម​បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋាខេត្តកំពង់ចាម និង​ឯកឧត្តម​ អ៊ុច បូរិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ព្រមទាំងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុង ស្រុក សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការគណបក្សខេត្ត បេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ស្រុកចំការលើ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សា ឃុំ សង្កាត់ ជាអង្គបោះឆ្នោត សរុប៩៧៣នាក់។

ឯកឧត្តម​ អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានលើកឡើងថា ដោយអនុវត្តតាមស្មារតីនៃសេក្តីសម្រេច លេខ ៨៣៧/១១២៣ សស.គក របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ដោយបានការឯកភាពរបស់លោកសន្តិបណ្ឌិត នេត សាវឿន បានរៀបចំរួចរាល់អស់ហើយនូវឯកសារ គោលការណ៍គ្រឹះសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ រួមមាន៖ ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ការរៀបចំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ទាំងនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ក្រុមការងារច្បាប់របស់គណបក្ស ផែនការសកម្មភាព ជាក់ស្តែង ប្រតិទិនឆ្ពោះទៅកាន់ការបោះឆ្នោត ផែនការថវិកា ព្រមទាំងសេចក្តីណែនាំមួយចំនួន ដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ មានភាពរលូន និងជោគជ័យ។

ឯកឧត្តម​ សន្តិបណ្ឌិត នេត សាវឿន បានឲ្យដឹងទៀតថា ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយបើកយុទ្ធនាការឃោសនារយៈពេល១សប្តាហ៍ គឺចាប់ពីនៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បិទការឃោសនានាថ្ងៃទី២៥ ដូច្នេះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គឺជាថ្ងៃបោះឆ្នោត៕