អតីតយុទ្ធជននៅខេត្តកំពង់ធំ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ 

0

(កំពង់ធំ)÷ លោក ឌឹម ឌន អតីតយុទ្ធជនពិការ  តំណាងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកជាប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា និងជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ ដែលសេចក្តីប្រកាសជាឱឡារិកនេះ បានប្រព្រឹត្តទៅនៅភូមិត្រពាំងចំបក់  ឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ  ក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រោម អធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលសម្ដេចនិងលោកជំទាវតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងបានរួមចំណែកជាមួយសម្ដេចតេជោ ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ បាននាំមកនូវសុខសន្តិភាព ការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

នៅក្នុងឱកាសសំណេះសំណាងសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ចំនួន ២០ គ្រួសារ  ដែល មាន ជីវភាព លំបាក ខ្វះ ខាត  ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និង ត្រីខកំប៉ុងចំនួន១យួរ ដោយឡែកក្រុមគ្រួសារអតីតយុវជនចំនួន១២០នាក់ផ្សេងទៀត បានទទួលសារុងក្នុង១នាក់ចំនួនមួយ ផងដែរ។ អត្ថបទតំបន់សុខរងកំពង់ធំ