លោកសាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំត្រូវផ្តល់ប័ណ្ណសមធម៌ជូនពលរដ្ឋប្រកបដោយតម្លាភាព និងបច្ចុប្បន្នភាព

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ជាការសំណេះសំណាលសួរសុខទុក្ខ និងណែនាំដល់រដ្ឋបាលឃុំនិងប្រជាពលរដ្ឋនៅក្នុងឱកាសនោះលោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំបន្ទាយស្ទោង ត្រូវប្រគល់ប័ណ្ណសមធម៌ ជូនពលរដ្ឋក្រីក្រប្រកបដោយតម្លាភាពនិងបច្ចុប្បន្នភាពបំផុត ហើយលោកបានបន្ថែមថាការធ្វើបែបនេះគឺជាការយកចិត្តទុកដាក់និងឆ្លើយតបបានទាន់ពេលវេលា ជាមួយនឹងតម្រូវការជាក់ស្ដែងជាពិសេសការលើកកម្ពស់ជីវភាពគ្រួសារដែលជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខទុក្ខ សុខុមាលភាពពលរដ្ឋនិងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយដោយអាជ្ញាធរពុំបានដឹងឬមិនបានយកចិត្តទុកដាក់នោះឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវគិតគូរ ពីប្រព័ន្ធធាសាស្រ្តនិងប្រភពទឹកបម្រុងផ្សេងៗក្នុងការឆ្លើយតបទៅនឹងកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពផងដែរ ហើយសូមពុកម៉ែបងប្អូនតាមមូលដ្ឋានត្រូវជីកស្រះតាមផ្ទះរៀងៗខ្លួនតាមភាពជាក់ស្ដែងក្នុងការស្តុកទឹកសម្រាប់ប្តើប្រាស់រយ:ពេលវែង។

ជាចុងបញ្ចប់លោក សាយ គឹមឡង អភិបាលស្រុកស្ទោង ក៏បានណែនាំបន្ថែមដល់រដ្ឋបាលឃុំនិងប៉ុស្តិ៍នគរបាលឃុំបន្ទាយស្ទោង ត្រូវពង្រឹងគុណភាពប្រសិទ្ធភាពនិងការផ្ដល់សេវា ព្រមទាំងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនិងជឿទុកចិត្តពីមហាជន។

សូមជម្រាបផងដែរថា ប័ណ្ណសមធម៌ដែលគណៈអធិបតីប្រគល់ជូនពលរដ្ឋនៅក្នុងឱកាសនេះមានចំនួន ៦៩៧ប័ណ្ណ។ អត្ថបទ ឆុន ឆេងក្រឹម