វិទ្យាល័យតាអោក ស្រុកប្រាសាទសំបូរ ទទួលបានបណ្ណាល័យថ្មី១ខ្នង ទំហំ៩ម៉ែត្រ×១៦ម៉ែត្រ ជាអំណោយឧបត្ថម្ភរបស់ធនាគារខេប៊ី ដេហាន ម.ក ប្រទេសកូរ៉េ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នៅវិទ្យាល័យតាអោក ស្រុកប្រាសាទសំបូរ មានប្រារព្ធពិធីបញ្ចុះបឋមសិលាកសាងអគារបណ្ណាល័យ១ខ្នង ជាអំណោយឧបត្ថម្ភរបស់ធនាគារខេប៊ី ដេហាន ម.ក ប្រទេសកូរ៉េ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យ១ខ្នងស្ថិតនៅក្នុងវិទ្យាល័យតាអោក មានលោក ផា ដូហូ នាយកប្រតិបត្តិធនាគារខេប៊ី ដេហាន ម.ក និងក្រុមការងារ លោកតាន់ វាសនា ប្រធានស្ដីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ កងកម្លាំងទាំងបី លោកប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុក លោកមេឃុំឈូក លោកនាយក លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស ប្រមាណជាង៦០នាក់ផងដែរ។

លោក ឌួង វ៉ិត នាយកវិទ្យាល័យតាអោក បានអានរបាយការណ៍សង្ខេបស្ដីពីស្ថានភាពសាលារៀន មានអគារសិក្សា៤ខ្នង ស្មើនឹង២១បន្ទប់ មានថ្នាក់រៀនចំនួន១៩  ថ្នាក់ សិស្សសរុប៨១២នាក់ ស្រី៤៥៧នាក់ និងមានគ្រូសរុប ៤១នាក់ ស្រី១៨នាក់។ នៅឆ្នាំសិក្សា២០២៣-២០២៣ សិស្សវិទ្យាល័យតាអោកបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន៩០%។

លោក ផា ដូហូ នាយកប្រតិបត្តិធនាគារខេប៊ី ដេហាន ម.ក បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីរីករាយណាស់ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងស្រុកប្រាសាទសំបូរពេលនេះ លោកនឹងបន្តជួយកសាងសមិទ្ធផលផ្សេងៗទៀត ដើម្បីឲ្យការរីកចម្រើនទាំងអស់គ្នា ក្នុងវិស័យអប់រំប្រកបដោយគុណភាពខ្ពស់។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់នាយកប្រតិបត្តិធនាគារខេប៊ី ដេហាន ម.ក ដែលបានជួយកសាងអគារបណ្ណាល័យទំហំ៩ម៉ែត្រ×១៦ម៉ែត្រ នេះឡើងចង់ឱ្យវិស័យអប់រំប្រកបដោយគុណភាពខ្ពស់។ អគារបណ្ណាល័យនេះ មិនត្រឹមតែជាអគារបណ្ណាល័យប៉ុណ្ណោះទេ វាជាទីកន្លែងរបស់សហគមន៍ និងបានបម្រើផលប្រយោជន៍សហគមន៍ តាមការចាំបាច់។

ឯកឧត្តម យឹម លាត បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលល្អប្រសើរទាំងអស់គ្នា។ សូមឱ្យអាជ្ញាធរមូលដ្ឋានត្រូវមានទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋ ទទួលយកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។ ឯកឧត្តមបានកាត់ខ្សែរបោះ បញ្ចុះបឋមសិលារួចហើយ និងថតរូបអនុស្សាវរីយ៍ជាមួយប្អូនៗសិស្សានុសិស្សផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ