ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអញ្ជើញប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តកំពត

0

ខេត្តកំពត: នៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញឱ្យក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី៤ ត្រូវជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ និងសហការជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល សំដៅជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងប្រជាជននៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ។

ថ្លែងក្នុងពីធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់ក្រុមប្រឹក្សាខេត្តកំពតទាំង២៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤  ហើយត្រូវបានប្រកាសចូលកាន់តំណែងនាពេលនេះ។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត និងគណៈបញ្ជាការឯកភាពខេត្តកំពត ដែលបានជួយសម្របសម្រួលធ្វើឱ្យដំណើរការនៃការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តបានទៅដោយរលូន។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី នាឱកាសនេះ ក៏បានដាក់ចេញនូវគោលការណ៍បីចំណុចសំខាន់ៗសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានអនុវត្តន៍ ដែល ទី១.កិច្ចការអភិបាលកិច្ចល្អ គឺការធានានូវការប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងការទទួលខុសត្រូវ ដែលនឹងជួយធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ទី២.ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ និងបង្ខិតសេវាឱ្យនៅជិតប្រជាពលរដ្ឋបំផុត។ ទី៣.ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ  គឺធ្វើយ៉ាងណាត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ហើយដើម្បីសម្រេចនូវចំណុចទាំងបីនេះ តម្រូវឲ្យមានការចូលរួមរក្សាសាមគ្គីឯកភាពផ្ទៃក្នុង និងសហការល្អ រវាងក្រុមប្រឹក្សា និងគណៈអភិបាលគ្រប់លំដាប់ថា្នក់។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានរំលេចដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅឱ្យកម្ពុជាត្រូវខិតខំប្រឹងប្រែងកសាងខ្លួនឯងឱ្យបានរឹងមាំ សំដៅឱ្យកម្ពុជាមានឯករាជ្យភាពផ្នែកនយោបាយ និងសេដ្ឋកិច្ច។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវទស្សនៈវិស័យផ្ដោតលើកិច្ចការងារដែលត្រូវធ្វើចំពោះមុខ គឺត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ស្គាល់អំពីរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរដោយត្រូវរួមកំលាំងគ្នាប្រកួតប្រជែងជាមួយតំបន់របៀងសេដ្ឋកិច្ចដទៃទៀតក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្នុងអាណត្តិទី៣កន្លងមក ក្រុមប្រឹក្សាខេត្តបានរួមសហការជាមួយនឹងគណៈអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អប្រសើរ និងជិតស្និតបំផុត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរឯកឧត្តមបានលើកឡើងថា នៅក្នុងអាណត្តិទី៤នេះ រដ្ឋបាលខេត្តនិងបន្តខិតខំប្រឹងប្រែងក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាខេត្តឱ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្តទៀត ក្នុងន័យរួមគ្នាដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕ សេង ណារិទ្ធ