ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧រូប ត្រូវបានប្រកាសចូលកាន់តំណែងក្នុងអាណត្តិទី ៤ ឆ្នាំ ២០២៤

0

កំពង់ចាម: សមាជិកនៃក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ ចំនួន២៧រូប ដែលមានឯកឧត្តម ខ្លូត ផន បន្តជាប្រធាន ត្រូវបានប្រារព្ធពិធីប្រកាសចូលកាន់តំណែង នាព្រឹកទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើសេចក្ដីរាយការណ៍ថា គណៈអភិបាលខេត្ត បានសហការ ល្អជាមួយក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្នុងរយៈពេល៥ឆ្នាំកន្លងមក សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។ ជាពិសេស ការអភិវឌ្ឍនខេត្ត ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាទំនាស់នានា សំណើសំណូមពររបស់ប្រជាពលរដ្ឋ ការចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងការលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងបានផ្តល់នូវឱកាសគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋក្នុងការ ប្រកបមុខរបរចិញ្ចឹមជីវិត ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ដែលជាមធ្យមមនុស្សម្នាក់ៗមាន ប្រាក់ចំណូលប្រហែល ១.៧២៥ដុល្លារ និងខេត្តមានទំហំសេដ្ឋកិច្ចប្រមាណ ២ពាន់លាន ដុល្លារ ក្នុងឆ្នាំ២០២៣ កន្លងមកនេះ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានសម្ដែងការ អបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ចាមទាំង២៧រូប ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ហេីយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នេីឲ្យសមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី៤នេះ ត្រូវការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការប្រសើរឡើង ៕