ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣-២០២៤ រកឃើញម្ចាស់ជ័យលាភីហើយលើ៣វិញ្ញាសារកីឡា

0

តាកែវ៖ នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានរៀបចំពិធីបិទវគ្គការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣-២០២៤ ដោយក្នុងនោះបានរកឃើញម្ចាស់ជ័យលាភីចំនួន០៣ វិញ្ញាសារកីឡារួមមាន បាល់ទាត់ បាល់ទះ និងប៉េតង់ប៊ូល ។
ថ្លែងក្នុងឱកាសប្រគល់ពានរង្វាន់ជ័យលាភីដល់កីឡាករតំណាងអោយអង្គភាព ស្រុកនិមួយៗ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានជំរុញដល់ក្រុមកីឡាករទាំងអស់ ដែលមិនទាន់ទទួលបានចំណាក់ថ្នាក់ល្អ  ត្រូវពង្រឹងបន្ថែមនិងហ្វឹកហាត់លើការលេងកីឡានេះដល់ក្រុមរបស់ខ្លួនបបន្ថែមទៀតដោយមិនត្រូវអខានឡើយ ពីព្រោះទៅថ្ងៃខាងមុខមានតែការលេងកីឡាទេ ធ្វើអោយសុខភាពរាងកាយមាំមួន ប្រាជ្ញាឆ្លាសវៃនិងមានមិត្តភាព សាម្គីភាព ល្អជាមួយយុវជននិងយុវជនផងដែរ  ។ លោកប្រធានមន្ទីរបានបន្តថា «កីឡានាំមកនូវសន្តិភាព» ដូច្នេះយុវជនទាំងអស់ត្រូវខិតខំដោយខ្លួនឯងក្នុងការហ្វឹកហាត់បច្ចេកទេសនៃការលេងកីឡា និងស្វែងយល់ពីច្បាប់កីឡារាងៗខ្លួន ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់ខ្លួូន និងក្រុម អោយកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំបន្តរទៀត ។ លោកបន្តរថា បច្ចុប្បន្ននេះប្រទេសកម្ពុជារបស់យើង បាននឹងកំពុងជំរុញអោយវិស័យកីឡា កាន់តែមានការទទួលស្គាល់ពីបណ្ដារប្រទេសផ្សេងៗ ហើយក្នុងនោះ ក៏មានថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមលេងកីឡា បាល់ទាត់ កីឡាបាល់ទះ និងកីឡាផ្សេងៗជាច្រើន ដើម្បីជាចលនាបំផុសដល់យុវជនជំនាន់ក្រោយរួមគ្នាលេងកីឡាទាំងអស់គ្នា ដើម្បីមិត្តភាព សាម្គីភាព សុខភាពរាងកាយមាំមួន និងចូលរួមជួយការងារមនុស្សធម៍នៅក្នុងសង្គមផងដែរ ។
ជាមួយនឹងលទ្ធផលនេះផងដែរ លោក ឡាយ សែម ប្រធានការិយាល័យអប់រំកាយ បានអោយដឹងថា លទ្ធផលជ័យលាភីក្នុងការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៣-២០២៤ រយៈពេល ០៦ថ្ងៃកន្លងមកនេះ វិញ្ញាសាបាល់ទាត់យុវជន លេខ១ បានទៅលើក្រុមកីឡាបាល់ទាត់ ស្នងការនគរបាលខេត្តតាកែវ A លេខ២ បានលើក្រុមកីឡាបាល់ទាត់សាលាក្រុងដូនកែវ លេខ៣ ក្រុមកីឡាបាល់ទាត់ស្រុកបាទី។ វិញ្ញាសារបាល់ទះយុវជន លេខ១ ក្រុមកីឡាបាល់ទះសាលាខេមប្រីជមេឌៀ លេខ២ ក្រុមកីឡាបាល់ទះរដ្ឋបាលខេត្តតាកែវ លេខ៣ បានទៅលើក្រុមស្នងការនគរបាលខេត្ដតាកែវ ។ វិញ្ញាសាប៉េតង់ ប៊ូល ៣ទល់៣ លេខ១ ក្រុមមន្ទីរឧស្សាហកម្ម លេខ២ ស្នងការនគរបាលខេត្តតាកែវ លេខ៣ មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ ប៉េតង់យុវនារី លេខ១ ស្នងការនគរបាលខេត្តតាកែវ លេខ២ សាលាខេមប្រីជមីឌៀ លេខ៣ មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ ។ តាកែវ